ប្រធានរដ្ឋសភាកម្ពុជា, ប្រធានរដ្ឋសភាឡាវ និងវៀតណាម ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងតំបន់ CLV
ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានបិទបញ្ចប់ដោយជោគជ័យ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមនឹង ឯកឧត្តមប្រធានរដ្ឋសភាឡាវ និងវៀតណាម ក្នុងក្របខ័ណ្ឌសភាតំបន់ CLV បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងបីប្រទេសដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំងបី។
លើសពីនេះ ថ្នាក់ដឹកនាំសភាកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ វប្បធម៌ និងសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបានប្តេជ្ញាអនុវត្តតួនាទីត្រួតពិនិត្យ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ CLV-DTA។
កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម”។
កិច្ចប្រជុំ មានការចូលរួមពីគណៈប្រតិភូកម្ពុជា គណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវដែលជាម្ចាស់ផ្ទះ និងមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងធនាគារពិភពលោក(WB) តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលសរុបចំនួនប្រមាណ ៣០០នាក់ ៕