រាជរដ្ឋាភិបាល ពង្រីកវិសាលភាពជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបង្កើនការចូលរួមពហុគំនិត ក្នុងការអភិវឌ្ឍជាតិ
ភ្នំពេញ៖ ដោយមើលឃើញពីសារៈប្រយោជន៍នៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ ពីអាណត្តិមុន រាជរដ្ឋាភិបាលអាណត្តិទី៧នេះបាន ពង្រីកវិសាលភាពជូន ឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ដើម្បីបង្កើនការចូលរួមពហុគំនិតក្នុងការអភិវឌ្ឍជាតិ។
ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពី កិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ នៅព្រឹកថ្ងៃទី០៦ធ្នូនេះ ឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ បានថ្លែងថា ដោយសារយើងទទួលស្គាល់ពី សារៈប្រយោជន៍ពីអាណត្តិមុនយើងពង្រីកវិសាលភាពទាំងចំនួនគណបក្សចូលរួមទាំងសមាសភាពនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់។
ទាក់ទងការបង្កើនសមាសភាពនេះ ឯកឧត្តមបណ្ឌិត បានបកស្រាយថា ជាយន្តការប្រមូលធាតុចូលបែបពហុគំនិតក្នុងន័យស្ថាបនា ជួយលើកស្ទួយការអនុវត្តជាក់ស្ដែងនៃគោលនយោបាយបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលឱ្យទទួលបានផលល្អប្រសើរ ក្នុងការជំរុញការបម្រើសេវាកម្មជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព បានជាប្រយោជន៍នៃការអភិវឌ្ឍជាតិ នេះជាមូលហេតុដែលរាជរដ្ឋាភិបាលបើកទូលាយជាងមុនរហូតដល់មានការកែសម្រួលកន្លែងខ្លះនៅពេលដែលយើងពង្រីក។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានផ្ដល់ឯករាជ្យភាពនិងអធិបតេយ្យភាពដល់ប្រតិភូគណបក្សនីមួយៗ ដោយផ្ដល់ថវិកា៤លានរៀលក្នុងមួយខែជូន ប្រតិភូគណបក្សនយោបាយនីមួយៗយកទៅចាត់ចែងស្វ័យទទួលខុសត្រូវ ដោយធ្វើយ៉ាងណាបានជាសមិទ្ធផលរាយការណ៍ជូនរាជរដ្ឋាភិបាល។ សមិទ្ធផលរបស់គណបក្សនយោបាយនីមួយៗ ត្រូវធ្វើទស្សនៈទាន មតិយោបល់គោរពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៕