ក្រសួងការងារ បណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្តដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញជួសជុល និងថែទាំជណ្តើរយន្តដែលជាជំនាញថ្មីមួយទីផ្សារការងារកំពុងមានតម្រូវការខ្ពស់។
កម្មវិធីបិទវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកឧស្សាហកម្មដែលជាវគ្គបណ្តុះបណ្តាលក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាមួយនឹងក្រុមហ៊ុនជីហ្គៀគ្រុប និងអង្គការ UNIDO។
គិតមកដល់ពេលនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ ចំនួន ១៩នាក់ និងបើកវគ្គបណ្តុះបណ្តាលជំនាន់ទី២ ចំនួន ១២នាក់បន្តទៀត ដើម្បីត្រៀមធ្វើការបណ្តុះបណ្តាលជំនាញដ៏សំខាន់មួយនេះដល់យុវជនគោលដៅឱ្យចូលបម្រើការងារក្នុងទីផ្សារការងារដែលកំពុងមានសក្តានុពលនាពេលបច្ចុប្បន្ន និងនាពេលអនាគត។
យោងតាមវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ការបណ្តុះបណ្តាលនេះ គឺដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្នដែលកំពុងមានសក្តានុពលខ្ពស់ ហើយក៏ស្របទៅតាមចក្ខុវិស័យនិងការចង់បានរបស់ថ្នាក់ដឹកកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការបង្កើតជំនាញថ្មីឱ្យស្របទៅតាមសម័យកាល។
សូមបញ្ជាក់ជំនាញថ្មីនេះ នឹងក្លាយជាជំនាញដ៏សំខាន់បន្ថែមទៀតសម្រាប់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣ផងដែរ៕