ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងដើម្បីប្រជុំពិភាក្សាជំរុញការអនុវត្តគម្រោងនេះ។
សូមជម្រាបជូនថា គម្រោងផ្លូវនាវាចរណ៍នេះបានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ”។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តការយកចិត្តទុកដាក់ ដោយផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីពន្លឿនដំណើរការអនុវត្តគម្រោងនេះផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចមហាបវរធិបតីបានមានប្រសាសន៍ចាត់ទុកគម្រោង “ព្រែកជីកហ្វូណនតេជោ” ថាជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ ដែលបន្ទាប់ពីគម្រោងលេចចេញជារូបរាងឡើងរួចរាល់ នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេនឹងកាន់តែរីកចម្រើនផងដែរ ៕