មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ដាក់បទបញ្ជាម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ ក្នុងអង្គភាពចំណុះកងពល ត្រូវតែលុបបំបាត់ការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន ក្នុងជួរកងកម្លាំងដែលអង្គភាពកំពុងគ្រប់គ្រង
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពចំណុះក្នុងកងពលទាំងអស់លើបញ្ហាប្រើប្រាស់ឬជួញដូរគ្រឿងញៀនគ្រប់ប្រភេទប្រសិនបើមាន។ ការប្រើប្រាស់ឬជួញដូរគ្រឿងញៀនខុសច្បាប់ និងបង្កឱ្យមានផលអវិជ្ជមានជាច្រើនដល់សង្គមជាតិទាំងមូល។
ឧត្តមសេនីយ៍ទោ ឈរ សុខ បានសង្កត់ធ្ងន់ថា ក្នុងនាមយើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទមានតួនាទី និងភារកិច្ចការពារជាតិមាតុភូមិ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងចូលរួមលើការអភិវឌ្ឍន៍សង្គមដូច្នេះបើយោធិនរូបណាម្នាក់មិនគោរពនៅបទបញ្ជាខាងលើនេះត្រូវតែប្រឈមមុខ និងការបណ្ដេញចេញពីក្របខ័ណ្ឌកងទ័ព។
នៅចុងបញ្ចប់ឧត្តមសេនីយ៍ទោ ឈរ សុខ បានកោតសរសើរដល់អង្គភាពទាំងអស់ដែលកន្លងមក គឺមិនមានករណីយោធិនប្រើប្រាស់ និងជួញដូរគ្រឿងញៀនឡើយ ទន្ទឹមនឹងលទ្ធផលល្អប្រសើរនេះថ្នាក់ដឹកនាំ កងឯកភាពចំណុះកងពលត្រូវតែយកចិត្តទុកដាក់បន្តអប់រំយោធិនក្រោមឱវាទរបស់ខ្លួនទៅណែនាំក្រុមគ្រួសារត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។