រដ្ឋមន្ត្រី ឌិត ទីណា៖ ធនធានមនុស្សដើរតួនាទីសំខាន់ ក្នុងការចូលរួមអភិវឌ្ឍជាតិ ឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ធនធានមនុស្ស គឺជាកត្តាចម្បងសម្រាប់ក្រុមហ៊ុននីមួយៗ ហើយធនធានមនុស្សដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ ឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ។
ក្នុងឱកាសអញ្ជើញ បើកពិពណ៌ការងារក្នុងវិស័យអប់រំកសិកម្មស្តីពី ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការស្វែងរកការងារក្រោយបញ្ចប់ការសិក្សា នៅសាកលវិទ្យាភូមិន្ទកសិកម្ម នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ និងសម្រេចបានលទ្ធផលជាផ្លែផ្កា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះក្នុងការផ្សារភ្ជាប់ធនធានមនុស្សរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន ដើម្បីរៀបចំកម្មវិធីសិក្សាស្របទៅតាមតម្រូវការទីផ្សារការងារ។ កម្មវិធីសិក្សាគោលដែលមានស្រាប់ គឺជាអាទិភាព ប៉ុន្តែនិស្សិតត្រូវទទួលបានការអប់រំអំពីចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកុំព្យុទ័រ ដែលចាំបាច់សម្រាប់ការស្រាវជ្រាវ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា «ធនធានមនុស្ស គឺជាកត្តាចម្បងសម្រាប់ក្រុមហ៊ុននីមួយៗ ហើយធនធានមនុស្សដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ ឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ។ លើសពីនេះទៀត កសិកម្មត្រូវផ្សារភ្ជាប់នឹងឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការសិក្សាពីគ្នាឱ្យបានច្បាស់លាស់ ដោយក្នុងនោះក្រុមហ៊ុនត្រូវបង្ហាញពីសក្តានុពល ទស្សនវិស័យ និងលក្ខខណ្ឌតម្រូវនានា ដើម្បីឱ្យនិស្សិតត្រៀមលក្ខណៈប្រកបដោយភាពជឿជាក់ និងឆន្ទៈក្នុងចូលរួមជួយក្រុមហ៊ុនឱ្យមានការរីកចម្រើន» ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោយបាយកសិកម្មអាណត្តិថ្មីទី៧នេះ ក្នុងការជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំ ដើម្បីជួយដល់កសិករ ទាំងបច្ចេកទេស ការកាត់បន្ថយថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
សូមជម្រាបជូនថា ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ធ្វើឡើងជាដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន២៥០នាក់ ២០២៤ ចំនួន៨០០នាក់ និងឆ្នាំ២០២៥ ចំនួន៥៥០នាក់ សរុប ១.៦០០នាក់៕