គណបក្សប្រជាជន ជ្រើសតាំងអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ជំនួសឯកឧត្តម ស៉ីម កា ដែលសុំលាលែង
ភ្នំពេញ៖ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលថ្មីចំនួន៧រូប ដែលក្នុងនោះរួមមាន៖ អ្នកឧកញ៉ា លី យ៉ុងផាត់, លោកជំទាវ ជា សិរី, ឯកឧត្តម គុណ ញឹម, ឯកឧត្តម គង់ វិបុល, ឯកឧត្តម សេង ញ៉ក់, ឯកឧត្តម សៀង ទៀង និងឯកឧត្តម កើត ឆែ។
ជាមួយគ្នានេះ អង្គសន្និបាតគណៈកម្មាធិការកណ្តាល បានសម្រេចជ្រើសតាំងអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ជំនួសឯកឧត្តម ស៉ីម កា ដែលសុំលាលែង។
សូមជម្រាបថា សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា វិមាន៧មករា ៕