ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមជូនដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម។ អញ្ជើញអមដំណើរសម្ដេចធិបតីទៅកាន់ប្រទេសវៀតណាម រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ច ការព្រំដែន ជាដើម។ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាម ស្ដីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ។
សម្ដេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ង្វៀន ហ្វូចុង (NGUYEN Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម វ៉ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និង ឯកឧត្តម រឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម សម្ដេចធិបតី ក៏នឹងអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្ដរជាតិ នៅទីក្រុងហាណូយ។
ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាមនាពេលនេះ នឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ៕