ADB អបអរសាទរកម្មវិធីបណ្តុះបណ្តាលជំនាញ ១.៥លានរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជានិងក្រុមការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយក្នុងនោះរូបលោក បានសរសើរនិងអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនគោលដៅ១.៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកនាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា លោកសូមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានក៏បានថ្លែងអំណរគុណដល់ ADBដែលបានអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១(C1)ដែលជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ជំនាញជាក់លាក់ និងឱកាសការងារសមរម្យសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីកិច្ចការងារជាច្រើនដែលក្រសួងបានធ្វើរួចមកហើយដើម្បីធានាថា យុវជនដែលជាសិក្ខាកាមមានជំនាញជាក់លាក់ ប្រសិទ្ធភាព និងឱកាសចុះកម្មសិក្សាដែលជាការហាត់ការជាក់ស្តែងនៅតាមរោងចក្រសហគ្រាស។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ រយៈពេល៤ខែដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលបន្ថែម។
យ៉ាងណាក៏ដោយឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយជាច្រើនលើការបណ្តុះបណ្តាលជំនាញជាមួយក្រសួង ហើយរំពឹងថា ធនាគាអភិវឌ្ឍន៍អាស៊ីមួយនេះ នឹងបន្តគាំទ្រជួយលើគម្រោងនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត៕