ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការធ្វើបច្ចុប្បន្នកម្មច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអនុគណ:កម្មការទី២ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី២ ដើម្បីពិនិត្យ និងពិភាក្សាលម្អិតលើសេចក្តីព្រាងអនុក្រឹត្យស្តីពី”អាជ្ញាបណ្ណទឹក”។
សូមជម្រាបថា កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយករងកិច្ចការបច្ចេកទេស ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធទាំងអស់ដែលជាសមាជិកនៃអនុគណ:កម្មការទី២។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំ ដើម្បីធ្វើបច្ចុប្បន្នភាពសេចក្តីព្រាងអនុក្រឹត្យស្តីពី ”អាជ្ញាបណ្ណទឹក” ដោយពិនិត្យ និងពិភាក្សាយ៉ាងលម្អិតតាមមាត្រានៃជំពូកនីមួយៗ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងកែសម្រួល លើមាត្រាចំនួន ៣ ដោយមាត្រា១ និងមាត្រា២ ធ្វើការរួមបញ្ចូលគ្នាមកមួយមាត្រាវិញ ចំណែកមាត្រា៣ បានធ្វើការកែសម្រួលឃ្លាឃ្លោង ដើម្បីឱ្យងាយស្រួលយល់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ផ្តាំផ្ញើ និងណែនាំដល់សមាជិកទាំងអស់ត្រូវស្វែងរកឯកសារយោង និងពាក់ព័ន្ធនានាបន្ថែមទៀត ដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះកាន់តែមានន័យគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយផងដែរ ៕