ឯកឧត្តម ឈា ប៊ុនរិទ្ធ បន្តដឹកនាំកិច្ចប្រជុំពិនិត្យនិងកែសម្រួលសទ្ទានុក្រមបច្ចេកទេសស្តីពីធនធានទឹក ធារាសាស្ត្រ ជលសាស្ត្រ និងឧតុនិយម
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ប្រធានអនុគណ:កម្មការទី៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពបន្តដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី៥ រៀបចំតាក់តែង ពិនិត្យ និងកែសម្រួលវាក្យស័ព្ទបច្ចេកទេស និងស្តង់ដារជាតិពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំបន្តលេីកទី២ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ ទីប្រឹក្សាក្រសួង អគ្គនាយករងកិច្ចការបច្ចេកទេស ដែលជាសមាជិក-សមាជិកាទាំងអស់នៃអនុគណ:កម្មការទី៥។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំលេីកទី២នាពេលនេះ គឺដើម្បីបន្តពិនិត្យ និងកែសម្រួលវាក្យស័ព្ទសទ្ទានុក្រមបច្ចេកទេសពាក់ព័ន្ធធនធានទឹក ធារាសាស្រ្ត ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ជលសាស្រ្ត និងឧតុនិយម ក្នុងការជួយពន្លឿនអាចឱ្យឆាប់សម្រេចបញ្ចប់ពង្រាងបឋមបានទាន់ពេលវេលានាពេលខាងមុខ សម្រាប់ឆ្លងមតិយោបល់ និងសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បន្ថែមពីឯកឧត្តមរដ្ឋមន្ត្រី។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានមតិផ្តាំផ្ញើ និងណែនាំដល់សមាជិក-សមាជិកាទាំងអស់ គួរតែសិក្សា ស្រាវជ្រាវ ស្វែងរកឯកសារយោង និងពាក់ព័ន្ធនានាបន្ថែមទៀត ដែលជាទឡ្ហីករណ៍មួយច្បាស់លាស់ ដើម្បីអាចធ្វេីឱ្យវាក្យស័ព្ទសទ្ទានុក្រមបច្ចេកទេសទាំងអស់នេះ កាន់តែមានន័យគ្រប់គ្រាន់ ខ្លីខ្លឹម និងគ្រប់ជ្រុងជ្រោយ ដែលអាចឱ្យការប្រេីប្រាស់បានត្រឹមត្រូវ និងចំជាគោលការណ៍បទដ្ឋានបច្ចេកទេសរួមមួយ និងជាមូលដ្ឋានគ្រឹះចំណេះដឹងបន្ថែមសម្រាប់អភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយលេីវិស័យធនធានទឹក និងឧតុនិយមផងដែរ ៕