ឯកឧត្តម សុខ លូ ស្នើដល់អង្គការសង្គមស៊ីវិលទាំងអស់ក្នុងខេត្ត សូមឱ្យមានរបាយការណ៍អំពីសកម្មភាពរបស់អង្គភាពរបស់ខ្លួនដល់រដ្ឋបាលខេត្តបាត់ដំបង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង លើកទី៧ ឆ្នាំ២០២៣ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា វេទិកាពិគ្រោះយោបល់ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តបាត់ដំបង និងអង្គការសង្គមស៊ីវិលនាពេលនេះ គឺស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការរៀបចំវេទិកានេះឡើង ដើម្បីស្ដាប់ពីបញ្ហាប្រឈមនានា សំណូមពរផ្សេង ក្នុងន័យដើម្បីជួយពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្តបាត់ដំបង ជាមួយនឹងបណ្ដាអង្គការ សមាគម សហគម ឱ្យកាន់តែប្រសើរឡើង ។
ឯកឧត្តមបានបន្តទៀតថា រដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេស ក្នុងនោះអង្គការសង្គមស៊ីវិលបានខិតខំជួយជ្រោមជ្រែងក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ទាំងជីវភាពរស់នៅ ការប្រកបរបរជាដើម ។
ក្នុងនោះឯកឧត្តម បានស្នើដល់អង្គការសង្គមស៊ីវិលទាំងអស់ក្នុងខេត្ត សូមឱ្យមានរបាយការណ៍អំពីសកម្មភាពរបស់អង្គភាពរបស់ខ្លួនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីឱ្យរដ្ឋបាលខេត្តបាត់ដំបង បានទទួលព័ត៌មានបន្ថែមអំពីសកម្មភាពដែលអង្គការបាននឹងកំពុងតែប្រតិបត្តិការ ។
ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តសង្ឃឹមថា កិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិលដែលបាននឹងកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង ត្រូវបានពង្រឹងលើកកម្ពស់បន្ថែម តាមរយៈ ការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានា៕