អភិបាលខេត្តបាត់ដំបង ណែនាំឱ្យរៀបចំពិធីបុណ្យម្ហូបអាហារប្រពៃណីឲ្យបានល្អព្រោះ វាជាចំណុចមួយដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ត្រៀមរៀបចំពិពរណ៍ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ នាពេលខាងមុខនេះ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា ពិធីបុណ្យម្ហូបអាហារប្រពៃណីនេះគឺត្រូវធ្វើយ៉ាងណារៀបចំឲ្យបានល្អព្រោះ វាជាចំណុចទាក់ទាញមួយដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យចូលមកទស្សនា បានភ្លក់នូវរសជាតិរបស់ម្ហូបអាហារក្រោមស្នាដៃរបស់អ្នកខេត្តបាត់ដំបង ព្រមទាំងផ្ដល់ឱកាសដល់អាជីវករលក់នូវម្ហូបអាហារប្រចាំខ្លួន ដល់ភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ កាន់តែទូលំទូលាយបន្ថែមទៀត ។
ឯកឧត្តមបន្តមានប្រសាសន៍ថាចំពោះការរៀបចំស្តង់ម្ហូបអាហារនេះគឺត្រូវរៀបចំចាប់ចេញពីមុខសាលាខេត្តបាត់ដំបង ឆ្ពោះទៅកាន់វិមានឯករាជ្យ ហើយការរៀបចំនេះ ធ្វើយ៉ាងណាឲ្យមានលក្ខណៈ ស្រស់ស្អាត មានរបៀបរៀបរយ ដើម្បីងាយស្រួលឱ្យភ្ញៀវទេសចរណ ងាយស្រួលក្នុងការដើរទស្សនា និងជាវម្ហូបអាហារនោះយកទៅពិសាផងដែរ ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា នៅក្នុងពិធីបុណ្យម្ហូបអាហារនេះមិនមែនមានតែតាំង លក់នូវមុខម្ហូបអាហារតែប៉ុណ្ណោះនោះទេ ក៏មានការដាក់តាំងនូវផលិតផលរបស់ខ្មែរផងដែរក្រោមប្រធានបទភូមិមួយផលិតផលមួយ ហើយអនុញ្ញាតឲ្យប្រជាជននៅតាមភូមិ ឃុំ ស្រុក អាចយកស្នាដៃផលិតផលរបស់ខ្លួន មកដាក់តាំងបង្ហាញដើម្បីលើកតម្កើងខេត្តបាត់ដំបងយើងឲ្យមានមុខមាត់ បង្ហាញនូវសក្ដានុពលរបស់ខេត្តបាត់ដំបង ។
ឯកឧត្តមបានមានប្រសាសន៍លើកទឹកចិត្ត ដល់បងប្អូន ដែលរស់នៅក្នុងភូមិ ស្រុក ឃុំសង្កាត់ ក្រុង នៃខេត្តបាត់ដំបង អញ្ជើញចូលរួមឲ្យបានច្រើនកោះករក្នុងការបង្ហាញនូវមុខម្ហូបប្រចាំតំបន់ភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗនៅក្នុងខេត្តបាត់ដំបងក៏ដូចជាភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបងបានស្គាល់រសជាតិ៕