កម្ពុជា-វៀតណាម បន្តប្រតិបត្តិការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ពលីជីវិតក្នុងសម័យសង្គ្រាម ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ គណៈចង្អុលការ ៥១៥ ខេត្តតៃនីញ វៀតណាម បានចូលរួមប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលបានពលីជីវិត នៅក្នុងសម័យសង្រ្គាម ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដឹកនាំដោយ វរសេនីយ៍ឯក ង្វៀន ថាញ់ហ្វុង ប្រធាននយោបាយ យោធាខេត្តតៃនីញ អនុប្រធានអចិន្ត្រៃយ៍ គណៈចង្អុលការ៥១៥ ខេត្តតៃនីញ វៀតណាម ដោយបានទទួលស្វាគមន៍ពីសំណាក់ លោក លី សុវណ្ណារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ព្រមទាំងសហការី បានពិភាក្សាការងារបន្តជីករុករកអដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្តប្រជាជនវៀតណាម។
លោក ឧត្តមេសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ មានប្រសាសន៍ថា នឹងបន្តជួយសម្រួលក្នុងការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត ជំនាញការ វៀតណាម និងបន្តសហការយ៉ាងយកចិត្តទុកដាក់ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់ទីតាំងកប់សាកសព រាយការណ៍ជូនអាជ្ញាធរ ដើម្បីងាយស្រួលក្នុងការជីករុករក។
ជាចុងក្រោយ វរសេនីយ៍ឯក ង្វៀន ថាញ់ហ្វុង ប្រធាននយោបាយ យោធាខេត្តតៃនីញ អនុប្រធានអចិន្ត្រៃយ៍ គណៈចង្អុលការ៥១៥ ខេត្តតៃនីញ វៀតណាម បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ដែលបានសហការល្អក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីបានវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ៕