មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ចុះត្រួតពិនិត្យការងារប្រលងប្រណាំងបង្កបង្កើនផល ចិញ្ចឹមសត្វ នៅវរសេនាតូចកាំភ្លើងធំ
ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យការងារប្រលងប្រណាំងបង្កបង្កើនផល- ចិញ្ចឹមសត្វ ការធ្វើយុទ្ធដំណើរទ័ពចល័តរហ័ស និងការសម្ដែងក្បាច់គុណខ.ភ.ម នៅវរសេនាតូចកាំភ្លើងធំ កងពលធំអន្តរាគមន៍លេខ២។
ឯកឧត្ដម មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ក៏បានធ្វើការវាយតម្លៃ ចំណុចខ្លាំង និងចំណុចខ្សោយ ហើយបានកោតសសើរដល់ មេបញ្ជាការវរសេនាតូចកាំភ្លើងធំ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តអនុវត្តតាមផែនការប្រលងប្រណាំង បង្កបង្កើនផលរបស់ថ្នាក់លើ ហើយបន្ទាប់ពីការងារស្នូលកម្លាំងនៅក្នុងអង្គភាពនៅតែបន្តការងារកសាងបង្កបង្កើនផលដើម្បីធានាដល់កំរិតជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិន និងគ្រួសារយោធិនក្នុងអង្គភាពបានយ៉ាងល្អប្រសើរ អាចជួយកាត់បន្ថយការចំណាយរបស់កងទ័ពបានមួយកំរិតបន្ថែមទៀត។
ទន្ទឹមនឹងសមិផលនិងស្នាដៃកសាងនេះ ឯកឧត្តម មេបញ្ជាការ ក៏បានដាក់ចេញនូវបទបញ្ជាដល់គ្រប់បណ្តាកងឯកភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារហ្វឹកហាត់រៀនសូត្រ បន្ទាប់ពីបង្កបង្កើនផលចិញ្ចឹមសត្វ ទៅតាមដំណាក់កាលនីមួយៗ ទាំងដំណាំដើម ដំណាំគុម្ព និង ដំណាំយុទ្ធសាស្ត្រយូរអង្វែង ខិតខំកសាងផ្ទះស្នាក់នៅរបស់កងទ័ព ដើម្បីធានានិងផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព ស្របតាមផែនការប្រលងប្រណាំង ជាពិសេសត្រូវប្ដេជ្ញាចូលរួមអនុវត្តន៍ឲ្យបានជោគជ័យ កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល គោរពវិន័យត្រូវជៀសឆ្ងាយពីគ្រឿងញៀនជាដាច់ខាត ដើម្បីអភិវឌ្ឍន៍អង្គភាពឱ្យកាន់តែរីកចម្រើនទៅមុខគួជាទីមោទនៈ ៕