មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ផ្សព្វផ្សាយសេចក្តីណែនាំពីវិធានការដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្តន៍ យោធិនពិការ និងយោធិនពលីមរណៈ សម្រាប់ឆ្នាំ២០២៤
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីវិធានការដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលសោធននិវត្ត យោធិនពិការ និងយោធិនពលីមរណៈ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។
ក្នុងពិធីនេះដែរលោកនាយការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានអានសេចក្តីណែនាំលេខ០០២/២០២៣ សណន ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលសោធននិវត្តន៍ យោធិនពិការ យោធិនពលីមរណៈ និងបានណែនាំអំពីតួនាទីភារកិច្ចមួយចំនួនរបស់ជំនាញការិយាល័យទី១ ដល់លោកមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ ផ្នែក និងលោកមេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ ដើម្បីបំពេញរាល់បណ្ដាសំណុំលិខិតផ្សេងៗដែលថ្នាក់លើបានណែនាំ ។
ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ បានបញ្ជាក់ជូនអំពីលក្ខខណ្ឌបួនចំណុចនៃការដាក់យោធិនឱ្យចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ ទី១.យោធិនដែលមានសុខភាពទ្រុឌទ្រោម ទី២.យោធិនបាត់បង់សមត្ថភាពការងារ ទី៣.យោធិនដែលអសកម្មការងារ និងទី៤.យោធិនដែលស្ម័គ្រចិត្ដចូលសោធននិវត្តន៍មុនកាលកំណត់។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានណែនាំដល់លោកមេបញ្ជាការគ្រប់កងឯកភាពចំណុះ ត្រូវប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំនេះឱ្យយោធិនក្រោមឱវាទ បានជ្រួតជ្រាប និងបំពេញសំណុំបែបបទឯកសារផ្សេងៗដែលជំនាញការិយាល័យទី១បានណែនាំ ដើម្បីក្រុមការងារត្រួតពិនិត្យវាយតម្លៃ និងធ្វើរបាយការណ៍ជូនទៅថ្នាក់លើតាមឋានានុក្រម៕