រដ្ឋមន្ត្រីធនធានទឹក ប្រាប់ប្រតិភូស្ថានទូតឆែកថា ទឹកគឺជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់
ភ្នំពេញ៖ នាថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ វិស័យធនធានទឹក ជាមួយឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករវាងប្រទេសទាំងពីរកម្ពុជានិងឆែក និងបានបញ្ជាក់ពីជំហរនៅក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការនានាពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម ជាមួយប្រទេសឆែកផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រាប់ប្រតិភូស្ថានទូតឆែកថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងនោះដែរ ទឹកគឺជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់។
កិច្ចជំនួបនេះក៏មានការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ក្នុងការដោះស្រាយបញ្ហានានា ហើយកម្ពុជារំពឹងថានឹងទទួលបានកិច្ចសហប្រតិបត្តិការជាជំនួយបច្ចេកទេស និងជំនួយអភិវឌ្ឍន៍ពីសាធារណរដ្ឋឆែក ដើម្បីជួយអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមឱ្យកាន់តែរីកចម្រើនទ្វេដង ៕