មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចូលរួមវេទិកា “2023 China (Hainan) International Industry Forum” នៅខេត្តហៃណាន ប្រទេសចិន
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមវេទិកា “2023 China (Hainan) International Industry Forum” នៅទីក្រុងវិនឆាង ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមបានថ្លែងសុន្ទរកថាគន្លឹះ ដោយបង្ហាញពីសក្តានុពលដំណាំដូងនៅកម្ពុជាទៅកាន់តំណាងប្រទេស អង្គទូតនានា និងវិស័យឯកជនចិន ដែលចូលរួមនៅក្នុងវេទិកា ដើម្បីឱ្យយល់ច្បាស់ពីផលិតកម្ម ទីផ្សារ និងឱកាសវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជាមានច្បាប់វិនិយោគដែលអនុគ្រោះ និងផ្តល់អត្ថប្រយោជន៍ច្រើនដល់វិនិយោគិនដែលមានបំណងបណ្តាក់ទុនលើវិស័យកសិកម្ម ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញផលិតកម្ម និងការនាំចេញផ្លែដូងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន៕