ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំពិនិត្យបច្ចុប្បន្នភាពលើការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យបច្ចុប្បន្នភាពលើការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោក តំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមទីប្រឹក្សាជាតិផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក បានមានមតិស្វាគមន៍ក្នុងអង្គប្រជុំ និងបានអរគុណដល់ក្រុមការងារដែលទទួលតាមផ្នែកនីមួយៗ អង្គការដៃគូដែលបានសហការធ្វើការងារនេះជាមួយគ្នា។ ក្នុងនោះប្រធានក្រុមតាមផ្នែកនីមួយៗក៏បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការងារ បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅពាក់ព័ន្ធតាមផ្នែក ជូនអង្គប្រជុំដើម្បីជ្រាប និងសម្រេច សំដៅធ្វើយ៉ាងណាឱ្យការរៀបចំសិក្ខាសាលានាពេលខាងមុខនេះដំណើរការទៅដោយរលូន និងទទួលបាននូវលទ្ធផលល្អប្រសើរតាមការរំពឹងទុក ៕