តំបន់ប្រតិបត្តិការសឹករងសៀមរាប ចុះហត្ថលេខាផែនការកិច្ចប្រតិបត្តិការ ស្វែងរុករក ប្រមូលអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ តំបន់ប្រតិបត្តិការសឹករងសៀមរាប បានទទួលដំណើរបេសកកម្មជាអន្តរជាតិ ក្នុងកិច្ចប្រជុំ ពិភាក្សា និងចុះហត្ថលេខាផែនការកិច្ចសហប្រតិបត្តិការ ស្វែងរុករក ប្រមូលអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម នៅកម្ពុជា ដំណាក់កាលទីXXIII (រដូវប្រាំង ឆ្នាំ២០២៣-២០២៤) ក្នុងភូមិសាស្រ្ត ខេត្តសៀមរាប របស់គណៈប្រតិភូវៀតណាម ដឹកនាំដោយ វរសេនីយ៍ឯក ង្វៀន ថាញ់ហ្វុង ប្រធាននយោបាយ យោធាខេត្តតៃនីញ និងជាអនុប្រធាន គណៈដឹកនាំ ៥១៥ ខេត្តតៃនីញ វៀតណាម និងបានទទួលស្វាគមន៍ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប ព្រមទាំងស្ថាប័នកងកម្លាំងទាំងបី ប្រភេទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្ដម អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា នឹងបន្តជួយសម្រួលក្នុងការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត ជំនាញការ វៀតណាម និងបន្តសហការយ៉ាងយកចិត្តទុកដាក់ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់ទីតាំងកប់សាកសព រាយការណ៍ជូនអាជ្ញាធរ ដើម្បីងាយស្រួលក្នុងការជីករុករក។
ជាចុងក្រោយ លោកវរសេនីយ៍ឯក ង្វៀន ថាញ់ហ្វុង ប្រធាននយោបាយ យោធាខេត្តតៃនីញ និងជាអនុប្រធាន គណៈគណៈដឹកនាំ ៥១៥ ខេត្តតៃនីញ វៀតណាម បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ដែលបានសហការល្អក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីមាតុភូមិនិវត្តន៍ទៅប្រទេសវិញ៕