ឯកឧត្ដម សួស ប្រាថ្នា ផ្ញើសារគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសគម្រប់ខួបជន្មាយុ៦៩ ឈានចូល ៧០ឆ្នាំ
ភ្នំពេញ៖ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ផ្ញើសារគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅគោរព ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាវីរជនស្ត្រីដ៏ឆ្នើមរបស់កម្ពុជា ប្រកបដោយសីលធម៌ គុណធម៌ ទេពកោសល្យ និងភាពជាគំរូដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំចលនាកាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ក្នុងសកម្មភាពសប្បុរសធម៌ និងសង្គមមនុស្សធម៌នៅកម្ពុជា។
ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានគ្រប់មជ្ឍដ្ឋានទាំងជាតិ និងអន្តរជាតិ ទទួលស្គាល់នូវសកម្មភាពក្នុងការលើកកម្ពស់តម្លៃ ស្ត្រីកម្ពុជា ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតា និងជាជីដូនប្រកបដោយព្រហ្មវិហារធម៌ និងចរិយាធម៌ ក្នុងការទូន្មាន ប្រៀនប្រដៅ បុត្រាបុត្រី ចៅប្រុសចៅស្រី ឱ្យក្លាយជាឥស្សរជនកំពូលៗ និងជាថ្នាក់ដឹកនាំដ៏ឆ្នើមនៅកម្ពុជា ជាពិសេសបានចូលរួមអមដំណើរក្នុងការគាំទ្រ ជ្រោមជ្រែង និងលើកទឹកចិត្តដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនូវរបបខ្មែរក្រហមដ៏ខ្មៅងងឹតនៅកម្ពុជា រហូតទទួលបាននូវជ័យជម្នះ ធ្វើឱ្យប្រទេសជាតិមានសន្តិភាពឡើងវិញយ៉ាងពេញលេញបំផុត និងទទួលបាន ការអភិវឌ្ឍគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសដ៏បវរសិរីមង្គលនៃខួបចម្រើនជន្មាយុនេះ ខ្ញុំសូមលើកហត្ថប្រណម ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យ កែវទាំងបី សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យគោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គល ក្នុងក្រុមគ្រួសារ និងសូមឱ្យបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិរន្តរ៍កុំបី ឃ្លៀងឃ្លាតឡើយ ព្រមទាំងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជា ៕