រដ្ឋមន្ត្រីធនធានទឹក ស្នើដល់សាលាអាមេរិកាំងហ្គោលឌិនហ្គេត ជួយបើកវគ្គបណ្ដុះបណ្ដាលជំនាញទាក់ទងនឹងវិស័យធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ នាព្រឹកថ្ងៃប្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី ហេង សុគន្ធី នាយិកាសាលាអាមេរិកាំងហ្គោលឌិនហ្គេត និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍ដល់ប្រតិភូសាលាអាមេរិកាំងហ្គោលឌិនហ្គេតដឹកនាំដោយលោកស្រីនាយិកា និងបានថ្លែងនូវការអរគុណចំពោះការបណ្តាក់ទុនវិនិយោគលើវិស័យអប់រំធនធានមនុស្សនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់វិស័យអាទិភាពចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ភាគីសាលា ដើម្បីជួយបើកវគ្គបណ្ដុះបណ្ដាលជំនាញទាក់ទងនឹងវិស័យធនធានទឹក និងឧតុនិយម។
លោកស្រីនាយិកាបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាមួយគ្នានេះ នាយិកាសាលាហ្គោលឌិនហ្គេត បានផ្តល់ជាអាហារូបករណ៍ ៥០% ចំនួន ៥កន្លែង អាហារូបករណ៍ ៣០% ចំនួន ១០កន្លែង និងអាហារូបករណ៍ ២០% ចំនួន ១០កន្លែង។ ជំនួបពិភាក្សាបានបញ្ចប់ប្រកបដោយភាពរីករាយ និងមានភាពស្និទ្ធស្នាលក្រៃលែង ៕