នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ជួបតំណាងក្រសួងប្រៃសណីយ៍ ពិភាក្សាពីការត្រៀមរៀបចំបង្កើត អនុស្សរណៈនៃការយោគយល់គ្នា លើប្រព័ន្ធឌីជីថលមួយចំនួន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជួបប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីត្រៀមរៀបចំអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ និងឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញ នៃក្រសួងទាំងពីរជាច្រើនរូបផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីពិភាក្សាលម្អិតត្រៀមរៀបចំនូវអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ព្រមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត ផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជាការពិតណាស់កិច្ចប្រជុំនេះគឺដើម្បីពិភាក្សារកចំណុចរួម ដែលអាចឈានដល់ការរៀបចំសេចក្តីព្រាងបឋមនៃការង្កើតនូវអនុស្សរណៈនៃការយោគយល់គ្នាលើការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលខាងមុខ។
ជាមួយគ្នានោះដែរ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ការងារត្រៀមរៀបចំបង្កើតអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទាមទារឱ្យមានការពិភាក្សាឱ្យបានច្រើន និងត្រូវការពេលវេលាសិក្សាស្រាវជ្រាវរៀបចំយន្តការឱ្យបានល្អិតល្អន់។ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើដល់តំណាងក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់បន្ថែមដើម្បីពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ៕