ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ឯកភាពពង្រីកការបណ្តុះបណ្តាល ហូកា ទៅខេត្តកោះកុង និងកំពង់ឆ្នាំង!
ភ្នំពេញ៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥ របស់គណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) រួមជាមួយលោក Christian Desler អនុប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ChristianVolker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ ស្វីសខនថាក់ និងមានការចូលរួមពីអភិបាលរងខេត្តគោលដៅគម្រោងទាំង១០ មន្ទីរទេសចរណ៍ខេត្ត វិទ្យាស្ថាននិងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងក្រុមការងារ ស្វីសខនថាក់ សរុបចំនួន៥០រូប។
ជាលទ្ធផលកម្មវិធី SDP បានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះសរុបចំនួន១៤,១២០រូប ក្នុងនោះកម្មវិធី ហូកា បានចំនួនជាង៤,០០០រូប នៅតាមខេត្តគោលដៅគម្រោងទាំង១០។
តាមរយៈកិច្ចហការដ៏ល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព គុណភាពនិងតម្លាភាព របស់គណៈកម្មការគ្រប់គ្រោងគម្រោងហូកា ទីភ្នាក់ងារ SDC បានឯកភាពពង្រីកខេត្តគោលដៅថ្មីចំនួន២ បន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ និងដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨ រួមមានខេត្តកោះកុង និងកំពង់ឆ្នាំង។