ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ក្រិតកំណត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការ និងមន្ត្រីជំនាញអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។
កិច្ចប្រជុំនេះ ក៏បានពិនិត្យរបាយការណ៍លទ្ធផលការងារ ដែលបានអនុវត្ត១១ខែកន្លងមក ក្នុងឆ្នាំ២០២៣ និងជជែកពិភាក្សាវិភាគលើចំណុចខ្លាំង-បញ្ហាប្រឈម យ៉ាងផុលផុសពីសំណាក់សមាជិក សមាជិកាអង្គប្រជុំ ដើម្បីស្វែងរកដំណោះស្រាយ ព្រមទាំងបានលើកជាសំណូមពរ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំថ្មី២០២៤ សំដៅធ្វើឱ្យការងារគ្រប់គ្រងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស កាន់តែមានប្រសិទ្ធភាពខ្ពស់ជូនរាជរដ្ឋាភិបាល ៕