សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកណ្តាល អាណត្តិទី៧
ភ្នំពេញ៖ បន្ទាប់ពីបានដំណើរមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ អស់រយៈពេល ១ព្រឹកប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកណ្តាល អាណត្តិទី៧ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល អាណត្តិទី៧ រួមជាមួយ អគ្គលេខាធិការ អគ្គលេខាធិការរងទាំង២ នាយក នាយិកា និងនាយករង នាយិការង នៃនាយកដ្ឋាន សរុបចំនួន ២៧រូប។
អង្គប្រជុំលើកដំបូង បានពិនិត្យ ឆ្លង និងអនុម័ត ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ និងសំណើសុំការអនុម័តផែនការចំណាយមូលនិធិជាអាទិភាព ឆ្នាំ២០២៤ របស់កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការណែនាំ តម្រង់ទិសដល់ក្រុមប្រតិបត្តិ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដូចតទៅ៖
១.ត្រូវមានផែនការសកម្មភាពការងារ ប្រចាំខែនីមួយៗ ត្រីមាស និងឆ្នាំ ឱ្យបានជាក់លាក់។
២.ត្រូវបន្តអនុវត្តនូវទម្រង់ បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។
៣.ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការងារក្នុងស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ក្នុងការតាមដាន ពិនិត្យ វាយតម្លៃ និងធ្វើរបាយការណ៍ ឱ្យបានទៀងទាត់ ព្រមទាំងមានសូចនាករណ៍ច្បាស់លាស់។
៤.ត្រូវយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា (២០២១-២០៣០) ៕