ឯកឧត្តម សួស ប្រាថ្នា ចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅសណ្ឋាគារហ្គាឌិនស៊ីធី ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ -ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត – ឯកឧត្តម លោកជំទាវ ប្រធានសាលាដំបូង រាជធានី ខេត្ត – លោកស្នងការនគរបាលរាជធានី-ខេត្ត, លោក លោកស្រី ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត, លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ, លោកអធិការនគរបាល ក្រុង ស្រុក ខណ្ឌ, លោក លោកស្រីមេឃុំ ចៅសង្កាត់, តំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាននៃ គ.ជ.ជ.អ បានមានប្រសាសន៍ថា សិក្ខាសាលាដែលបានរៀបចំនាពេលនេះគឺដើម្បីផ្សព្វផ្សាយឱ្យបានយល់ដឹងកាន់តែទូលំទូលាយនូវខ្លឹមសារនៃច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ហើយនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ការរៀបចំសិក្ខាសាលាគឺដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើបញ្ហាប្រឈមនានានៃការអនុវត្តការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាពេលកន្លងមក ដើម្បីជាធាតុចូល និងដាក់ចេញនូវវិធានការដោះស្រាយ ព្រមទាំងកំណត់នូវយន្តការ ឬតម្រូវការចាំបាច់នានាបន្ថែមទៀតសម្រាប់ធានាដល់ការរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នេះផងដែរ។
លោកស្រី Adrienne Pizatella តំណាងអង្គការ Bloomberg Philanthropies ដែលជាអង្គការដៃគូបានមានមតិផងដែរថា ចាប់តាំងពីឆ្នាំ ២០១៧មក គំនិតផ្តួចផ្តើមស្ដីពីទិន្នន័យសម្រាប់សុខភាពបាននឹងកំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈអង្គការ VITAL STRATEGIES និងអង្គការស្វែងរកមតិគាំទ្រ ដើម្បីសុខភាពសកល និងបានពង្រីកជំនួយបច្ចេកទេសដល់ដៃគូរដ្ឋាភិបាលដូចជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលនៃក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។
លោកស្រីបានកោតសរសើរ ចំពោះការប្តេជ្ញាចិត្ត ការសហការ និងកិច្ចខិតខំប្រឹងប្រែងដែលបានលះបង់ ដើម្បីធ្វើឱ្យច្បាប់នេះអាចសម្រេចទៅបានព្រមទាំងការរៀបចំព្រឹត្តិការណ៍នេះ។ លោកស្រីបានបន្តថា សិក្ខាសាលានេះក៏ជាចំណុចស្នូលនៃការ ត្រួតពិនិត្យគោលដៅរអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ ដែលបុគ្គលគ្រប់រូបមានសិទ្ធិទទួលបានការទទួលស្គាល់ និងទទួលស្គាល់ថាជាបុគ្គលដែលស្ថិតនៅក្រោមច្បាប់។ ការចុះបញ្ជីអនុញ្ញាតឱ្យបុគ្គលទទួលបានសិទ្ធិជាមូលដ្ឋាន ដូចជាការអប់រំ ការថែទាំងសុខភាព កិច្ចគាំពារសង្គម និងការស្នងមរតក។ ដោយឡែកសម្រាប់នៅថ្នាក់ជាតិ ការពង្រឹងអភិបាលកិច្ច និងរដ្ឋបាលសាធារណៈ និងការលើកកម្ពស់ សមធម៌ និងយុត្តិធម៌សង្គម រួចចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិផងដែរ។
ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានប្រសាសន៍ថា ក្នុងនាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមផ្ទាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានផ្តួចផ្តើមដឹកនាំ សម្របសម្រួល សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដ៏មានសារសំខាន់នេះ។
ឯកឧត្តមបន្តថា ការងារអត្តសញ្ញាណកម្ម គឺជាការងារ ដ៏មានសារសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ការរៀបចំបាននូវប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មជាតិដែលមានការឆ្លើយតប និងអាចជឿទុកចិត្តបាន គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ការការពារបុគ្គលគ្រប់រូបឱ្យទទួលបាននូវសិទ្ធិពលរដ្ឋ សង្គម និងសិទ្ធិនយោបាយ ព្រមទាំងសេវាទាំងឡាយដែលបុគ្គលទាំងនោះត្រូវទទួលបាន។
ឯកឧត្តមបានបន្ថែមថា ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យមានដំណើរការល្អ នឹងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនោះ យើងអាចរួមចំណែកទប់ស្កាត់នូវអំពើជួញដូរមនុស្ស និងពលកម្មកុមារ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង (អនីតិជន) និងធានាបានការចូលរួមបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេស កាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម សំដៅរួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម។
ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ការចុះបញ្ជីអត្រានុកូលដ្ឋាននឹងផ្តល់សារសំខាន់ធំៗចំនួនពីរគឺ ទី១, កំណត់អត្តសញ្ញាណតាម ផ្លូវច្បាប់ អំពីព្រឹត្តិការណ៍ជីវិតរបស់បុគ្គលគ្រប់រូប ដែលជាការគាំទ្រដល់ការបង្កើតឯកសារអត្តសញ្ញាណជាតិ និង ទី២, បង្កើតបាននូវប្រភពទិន្នន័យតាមតម្រូវការសម្រាប់ប្រើប្រាស់ក្នុងការវិភាគទាំងឡាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំង បង្កើតបាននូវស្ថិតិអត្រានុកូលដ្ឋាន។
ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម រយៈពេល១០ឆ្នាំ (២០១៧-២០២៦) សម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធអត្តសញ្ញាណកម្មមួយ ដែលមានភាពទំនើប មានមុខងារល្អ មានការឆ្លើយ តបស្របតាមស្តង់ដាអន្តរជាតិ និងអាចធានាបានថា បុគ្គលគ្រប់រូបរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងមាន អត្តសញ្ញាណស្របច្បាប់ ហើយស្ថិតិអត្រានុកូលដ្ឋានបានត្រូវផលិតយ៉ាងត្រឹមត្រូវ ទាន់ពេលវេលា អាចជឿទុកចិត្ត និងអាចចែករំលែកបាន។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងពិភាក្សាទៅលើប្រធានបទ សំខាន់ៗ ចំនួន៥ រួមមាន៖ ប្រធានបទ (ទី១) ពិភាក្សាអំពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន (ទី២) ពិភាក្សាអំពីការចុះបញ្ជីស្នាក់នៅ (ទី៣) ពិភាក្សាអំពី តួនាទីរបស់វិស័យសុខាភិបាល និងប្រព័ន្ធតភ្ជាប់រវាងសុខាភិបាល និងអត្រានុកូលដ្ឋាន (ទី៤) ពិភាក្សាអំពីតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីស្នាក់នៅ និង (ទី៥) ពិភាក្សាអំពីតួនាទីរបស់តុលាការ ពាក់ព័ន្ធនឹងការចុះបញ្ជីតាមសេចក្តីសម្រេចរបស់តុលាការ៕