រដ្ឋមន្ត្រីកសិកម្ម ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវមានការសហការគ្នាល្អ ក្នុងការជំរុញគោលនយោបាយវិស័យកសិកម្ម ដើម្បីលើកស្ទួយជីវភាពប្រជាកសិករឱ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួង។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវមានការសហការគ្នាល្អ ក្នុងការជំរុញគោលនយោបាយវិស័យកសិកម្ម ជាពិសេសអាទិភាពទាំង៣ ប្រកបដោយភាពម្ចាស់ការ និងមានប្រសិទ្ធភាពបំផុត ដើម្បីលើកស្ទួយជីវភាពប្រជាកសិករឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាអាទិភាពមួយរបស់ក្រសួង។ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួង ត្រូវចេះប្រើប្រាស់ធនធានមនុស្សដែលមានសមត្ថភាព មានឆន្ទៈពិតប្រាកដ ទៅតាមតម្រូវការ និងឱ្យចំគោលដៅពិតប្រាកដ ដើម្បីបំពេញភារៈកិច្ចបានពេញលេញ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពការងារខ្ពស់។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យដល់ថ្នាក់ដឹកនាំឱ្យមានការយកចិត្តទុកដាក់លើកទឹកចិត្តមន្ត្រី ដែលមានសមត្ថភាព និងមានស្នាដៃក្នុងការបំពេញការងារ មានលទ្ធផលល្អ។
សូមជម្រាបជូនថា អាទិភាពទាំង៣ នៃគោលនយោបាយវិស័យកសិកម្មរួមមាន ការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១.៦០០នាក់ និងគោលនយោបាយសហគមន៍កសិកម្មបែបទំនើប ៕