រាជរដ្ឋាភិបាល ប្រកាសបន្តកិច្ចសហការជាមួយ សាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងការជួសជុលប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល អាណតិ្តទី៧ នេះ នៅតែបន្តកិច្ចសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាក្នុងការជួសជុលប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការជួយផ្តល់ការសម្របសម្រួលនានា សំដៅធ្វើយ៉ាងណាឱ្យកិច្ចការងារនេះដំណើរការទៅបានដោយរលូន ។
នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យបណ្ឌិត Ishizawa Yoshiaki ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅទីក្រុងតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Ishizawa Yoshiaki បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវក្តីអំណរដែលរូបលោកបានចូលរួមក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ។
ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរ អំពីវឌ្ឍនភាពរីកចម្រើនដែលរូបលោកសាស្ត្រាចារ្យផ្ទាល់ ក៏ដូចជាសាកលវិទ្យាល័យសូហ្វីយ៉ា បានចូលរួមចំណែកក្នុងការងារជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទដ៏ទៃទៀតក្នុងខេត្តសៀមរាប រយៈកាលជាង ៣០ ឆ្នាំ កន្លងមកនេះ ប្រកបដោយមនោសញ្ចេតនាស្រលាញ់ និងកោតស្ញប់ស្ញែងចំពោះទេពកោសល្យរបស់បុព្វបុរសខ្មែរក្នុងការកសាងប្រាសាទទាំងនោះទ្បើង ។
ជាងនេះទៅទៀត សាកលវិទ្យាល័យសូហ្វីយ៉ា ក៏បានបើកមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស ប្រចាំខេត្តសៀមរាប ដើម្បីចែករំលែកបទពិសោធន៍លើការងារអភិរក្សជួសជុល និងគ្រប់គ្រងតំបន់បេតិកភណ្ឌ នៅតាមបណ្តាប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ និងតំបន់ព្រះវិហារ សម្រាប់បម្រើដល់ការសិក្សាស្វែងយល់លើការអនុវត្តជាក់ស្តែង ។ លើសពីនេះ លោកសាស្ត្រាចារ្យ ក៏បានស្នើសុំ សម្តេចធិបតី គាំទ្រដល់សាកលវិទ្យាល័យសូហ្វីយ៉ាក្នុងការបន្តកិច្ចសហប្រតិបត្តិការជួសជុល និងកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ តទៅទៀត ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកី្តសោមនស្សរីករាយ ដែលបានជួបជាមួយលោកសាស្ត្រាចារ្យ Ishizawa Yoshiaki សាជាថ្មី បន្ទាប់ពីជំនួបកាលពីខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ព្រមទាំងបានអរគុណដល់លោកសាស្ត្រាចារ្យ និងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានចូលរួមជួលជុល អភិរក្សប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលនេះគឺជាកាយវិការនៃសេចក្តីស្រលាញ់តាមរយៈសកម្មភាពជាក់ស្តែង ក្នុងការជួយអភិរក្ស និងថែរក្សាប្រាង្គប្រាសាទទាំងនោះឱ្យនៅឋិតឋេរចីរកាលតទៅ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បាន ជម្រាបជូនលោកសាស្ត្រាចារ្យផងដែរថា ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានា គឺតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សមរណីយដ្ឋានអង្គរ និងជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញ ដោយប្រកាន់នូវទស្សនាទាន “អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស” ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានធ្វើការបញ្ជាក់ថែមទៀតថា «រាជរដ្ឋាភិបាល អាណតិ្តទី៧ នេះ នៅតែបន្តកិច្ចសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាក្នុងការជួសជុលប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការជួយផ្តល់ការសម្របសម្រួលនានា សំដៅធ្វើយ៉ាងណាឱ្យកិច្ចការងារនេះដំណើរការទៅបានដោយរលូន» ៕