សិស្សានុសិស្សសាលាបឋមសិក្សានគរក្រៅហ្វឹកហាត់គំនូរបេតិកភណ្ឌ នៅប្រាសាទបាយ័ន
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ JASA នៃប្រទេសជប៉ុន ដឹកនាំដោយ លោកសាស្រ្តាចារ្យ NAKAGAWA Takeshi បាននាំសិស្សានុសិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សានគរក្រៅ ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ចំនួន៣០នាក់ មកទស្សនកិច្ចសិក្សាស្វែងយល់និងហ្វឹកហាត់គូររូបប្រាសាទនិងចម្លាក់ នៅប្រាសាទបាយ័ន ក្នុងគោលបំណង បញ្រ្ជាបអំពីតម្លៃនៃមរតកវប្បធម៌ ដល់ក្មេងៗនៅកម្រិតបឋមសិក្សា ដែលមានឪពុកម្តាយ តាយាយ បម្រើការក្នុងការដ្ឋានអភិរក្សនិងជួសជុលនៅក្នុងស្ថាប័នJASA និងអាជ្ញាធរជាតិអប្សរា។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា មានរយៈពេលជិត៣០ឆ្នាំមកហើយ ដែលស្ថាប័នJASAនៃប្រទេសជប៉ុន បានចូលរួមជួយការងារជួសជុលអភិក្សនៅក្នុងប្រាសាទបាយ័ន។
លោកថា គម្រោងរបស់អង្គការJASAមួយនេះ ក្រៅពីការងារជួសជុលប្រាង្គប្រាសាទ ក៏បានយកចិត្តទុកដាក់គិតគូរទៅលើការរស់នៅ របស់សហគមន៍ ជាពិសេសការបង្ហាញទៅកាន់មនុស្សជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីតម្លៃបេតិកភណ្ឌវប្បធម៌អង្គរ។
លោកបានបន្តថា ដោយមើលឃើញអំពីគោលដៅរួមគ្នា ក្នុងពេលកន្លងមកអាជ្ញាធរជាតិអប្សរា និងអង្គការJASA បានរួមសហការគ្នា ផ្តល់ការបណ្តុះបណ្តាលជារឿយៗដើម្បីបង្ហាញដល់កុមារ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ អំពីការបន្តកេមរតក ក្នុងការគ្រប់គ្រង និងបន្តថែរក្សាបេតិកភណ្ឌអង្គរ ស្របនិងកម្មវិធីអប់រំបេតិកភណ្ឌ ដែលអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តក្នុងពេលសព្វថ្ងៃនេះ។
លោកសាស្រ្តាចារ្យ NAKAGAWA Takeshi បានលើកឡើងថា អង្គការ JASA នៃប្រទេសជប៉ុន រៀបចំសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងឱ្យយុវជនជំនាន់ក្រោយបានជ្រាបច្បាស់អ្វីដែលជារបស់ដូនតាខ្មែរបានបន្សល់ទុក និងចេះស្រលាញ់ប្រាសាទបុរាណ។
លោកសាស្រ្តាចារ្យ បានបន្តថា ចំពោះការងារនេះលោកនិងខិតខំបន្ថែមទៀតក្នុងការសហការជាមួយអ្នកជំនាញមុនៗបន្ថែមទៀត ដើម្បីយកចំណេះទាំងនេះមកបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយៗបន្តទៀត៕