ប្រមុខរាជរដ្ឋាភិបាល៖ រាល់ដំណើរទស្សនកិច្ចនៅបរទេសម្ដងៗ ខ្ញុំតែងតែគិតគូរជាចម្បងទៅលើ ការទាក់ទាញការវិនិយោគ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាល់ពេលដែលសម្ដេចទៅធ្វើទស្សនកិច្ចនៅបរទេសម្ដងៗ សម្ដេចតែងតែគិតគូរជាចម្បងទៅលើការទាក់ទាញការវិនិយោគ ពីបណ្ដាប្រទេសទាំងនោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចធិបតីបានរំលេចថា នៅពេលសម្ដេចទៅប្រទេសចិន សម្ដេចបានឆ្លៀតជួបជាមួយក្រុមហ៊ុនចិន, ទៅអាមេរិកឆ្លៀតជួបជាមួយក្រុមហ៊ុនអាមេរិក, ជប៉ុនឆ្លៀតជួបជាមួយក្រុមហ៊ុនជប៉ុន, ទៅវៀតណាមជួបជាមួយក្រុមហ៊ុនវៀតណាម ។ល។
សម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជាមិនចេះតែទទួលយកការវិនិយោគមិនរើសមុខនោះទេ។ ជាក់ស្ដែង បើការវិនិយោគនោះធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន នោះទោះជាមានការបណ្ដាក់ទុនច្រើនយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនទទួលដែរ ៕