នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យពលរដ្ឋខ្មែរ នៅក្រៅប្រទេស ត្រូវប្រកាន់ភាពថ្លៃថ្នូ មានភាពអំណត់ និងស្មោះត្រង់ គោរពស្រឡាញ់សាសន៍ផ្សេងៗ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ត្រូវប្រកាន់នូវភាពថ្លៃថ្នូ ធ្វើជាប្រជាពលរដ្ឋ ដែលមានអំណត់ និងស្មោះត្រង់ គោរពស្រឡាញ់ជាតិសាសន៍ផ្សេងៗ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា សម្រាប់ខ្មែរយើងមិនថានៅអាមេរិក ឬប្រទេសណាទេ យើងគួរតែអបអរសាទរដល់ សន្តិភាពរបស់យើងដែលកំពុងមាននៅពេលនេះ។ មកដល់ឆ្នាំនេះ មានរយៈពេល៧០ឆ្នាំហើយ សម្រាប់ទំនាក់ទំនងកម្ពុជា-ជប៉ុន ប៉ុន្តែឆ្នាំនេះ ជាកម្រិតខ្ពស់បំផុត ដែលប្រទេសទាំងពីរបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍ ចំពោះក្រុមហ៊ុនបរទេស ដែលទៅសិក្សាដើម្បីវិនិយោគ ប៉ុន្តែមិនមែនរាល់គម្រោងទាំងអស់ សុទ្ធតែអនុញ្ញាតនោះទេ គឺមានចំណុច ដែលត្រូវហាមឃាត់ ដើម្បីឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមទៀតថា សូមបងប្អូនជឿជាក់ចុះ ខ្ញុំដឹកនាំប្រទេស ដោយបន្តថែរក្សាសមិទ្ធផលរបស់ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ក្នុងអាណត្តិកន្លងទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងាររបស់រាជរដ្ឋាភិបាល គឺអាទិភាពធំ គឺបង្កើនការងារនៅក្នុងស្រុក តាមរយៈការខិតខំដើរទាក់ម៉ូយ។ សម្តេចថា នរណាថាកម្ពុជារណបប្រទេសនេះ ប្រទេសនោះ ថាតែអ្នកឯងទៅ ប៉ុន្តែកម្ពុជាត្រូវពង្រឹងខ្លួនឯង បណ្តុះបណ្តាលធនធានឲ្យបានកាន់តែច្រើន ៕