ឃាត់ខ្លួនបុរសជនជាតិវៀតណាម និងស្ត្រីជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅព្រះសីហនុ
ភ្នំពេញ៖ បន្ទាប់ពីទទួលបទបញ្ជាពីថ្នាក់ដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ បានដាក់គោលដៅចុះត្រួតពិនិត្យ ស្វែងរកបទល្មើសនៅចំណុចផ្លូវលេខ៤០០ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១២:០០នាទី យប់ឈានចូលថ្ងៃទី១៦ធ្នូ ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនបុរសជនជាតិវៀតណាម និងស្ត្រីជនជាតិចិនម្នាក់ យកទៅកាន់អធិការនគរបាលក្រុង ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ ក្រោយអាជ្ញាធររកឃើញថ្នាំញៀននៅជាប់នឹងខ្លួនពួកគេ។
យោងតាមរបាយការណ៍ពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យរថយន្តចំនួន២៤២គ្រឿង ម៉ូតូចំនួន០៨គ្រឿង ម៉ូតូកង់បី(Pasap)ចំនួន០៧គ្រឿង ជាលទ្ធផល អាជ្ញាធរបានឃាត់ខ្លួន និងដកហូតសម្ភារវត្ថុតាង រួមមាន៖ មនុស្ស២នាក់ជាស្ត្រីជនជាតិចិនម្នាក់ និងបុរសជនជាតិវៀតណាមម្នាក់។
ជនសង្ស័យទី១-ជាជនជាតិវៀតណាម អាជ្ញាធររកឃើញម្សៅក្រាម-សថ្លា សង្ស័យcAសារធាតុញៀន០១កញ្ចប់, អាជ្ញាធរបានធ្វើការឃាត់ខ្លួនមនុស្ស និងរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AW-១៤៧៩មួយគ្រឿង, ទូរសព្ទដៃ១គ្រឿង។
ជនសង្ស័យទី២-ជាស្ត្រីជនជាតិចិន ត្រូវបានអាជ្ញាធររកឃើញម្សៅក្រាម-សថ្លា សង្ស័យសារធាតុញៀន០១កញ្ចប់ធំ, ម្សៅក្រាមម៉ាក Ferrari០៥កញ្ចប់, ម្សៅកញ្ចប់ខ្មៅ០១កញ្ចប់, អាជ្ញាធរបានធ្វើការឃាត់ខ្លួនមនុស្ស និងរថយន្តម៉ាក Prius ពណ៌ស ស្លាកលេខភ្នំពេញ ២BH-៥៦៩២,ទូរសព្ទដៃ២គ្រឿង។
បច្ចុប្បន្ន មនុស្ស និងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តអនុវត្តច្បាប់តាមនីតិវិធី និងតាមដានរកអ្នកពាក់ព័ន្ធជាបន្តទៀត៕