ព្រឹកស្អែក! ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហ្វូជៀន នៃប្រទេសចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្តហ្វូជៀននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នឹងយាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំនៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ពេលរូបលោកធ្វើការនៅទីក្រុងហ្វូចូវ។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏នឹងយាងទស្សនកិច្ចនៅវត្ត «South Putuo Temple»។ បន្ទាប់មកព្រះអង្គ ក៏នឹងស្តេចយាងទៅកាន់សាកលវិទ្យាល័យ Xiamen។ ក្នុងព្រះរាជទស្សនកិច្ចនៅសាកលវិទ្យាល័យនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខនិស្សិតខ្មែរ ដែលកំពុងសិក្សារៀនសូត្រនៅទីនោះផងដែរ។
ក្នុងព្រះរាជទស្សនកិច្ចនេះ ព្រះមហាក្សត្រខ្មែរ ក៏នឹងយាងទស្សនកិច្ចនៅ Yun Dang Lake ផងដែរ ៕