ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតី
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគម្រោងសាងសង់ពហុកីឡដ្ឋាន ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
ការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។
ពហុកីឡដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១,៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ ៕