កម្ពុជា-ថៃ ប្រជុំពិភាក្សាបើកតម្លើងច្រកទ្វាព្រំដែនអានសេះ-អានម៉ា ទៅជាច្រកព្រំដែនអន្តរជាតិ ដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ព្រំដែន
ភ្នំពេញ៖ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានប្រជុំពិភាក្សាជាមួយលោក ស៊ូផាសិទ្ធ កូចារឿនយុត អភិបាលខេត្តអ៊ូប៊ុនរាជធានី ស្តីពីការបើកឲ្យដំណើរការច្រកព្រំដែន អានសេះ-អានម៉ា ជាច្រកព្រំដែនអន្តរជាតិ ដើម្បីបម្រើឲ្យវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ព្រំដែន ទៅជាព្រំដែន សន្តិភាព មិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំពិភាក្សាគ្នារវាអភិបាលខេត្តនៃប្រទេសទាំង២ បានធ្វើឡើងនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ឯកឧត្ដម គីម រិទ្ធី បានថ្លែងលើកឡើងថា «កន្លងមកយើងសម្រេចបាននូវលទ្ធផលជាច្រើន ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន តាមបណ្តោយព្រំដែន ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥»។
អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ (JCR) លើកទី២ ការសម្របសម្រួលដល់ការធ្វើជំនួញ ផលិតផលកសិកម្មឆ្លងកាត់ព្រំដែន ការសម្របសម្រួលប្រជាពលរដ្ឋនៅព្រំដែនបាន ឆ្លងដែនទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យស្រុកណាំយ៉ឺន និងមន្ទីរពេទ្យខេត្តឧប៊ុនរាជធានី ការសហការរៀបចំរួមគ្នា ក្នុងវិស័យប្រពៃណីសាសនា ការដង្ហែរទៀនវស្សា បុណ្យកឋិនទាន ការដាំកូន ឈើ និងបុណ្យប្រពៃណីផ្សេងៗទៀត ព្រមទាំងការបញ្ជូនសិស្ស-និស្សិត ទៅបន្តនៅតាមសកល វិទ្យាល័យនានាក្នុងខេត្តឧប៊ុនរាជធានីផងដែរ។
អភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការ ក៏ដូចជាពង្រឹងចំណងមិត្តភាព សាមគ្គីភាពឲ្យកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត រវាងខេត្តព្រះវិហារ (កម្ពុជា)និងខេត្តឧប៊ុនរាជធានី (ថៃ) លោកក៏បានស្នើសុំដល់ភាគីថៃនូវសំណើមួយចំនួនដូចជា៖ ស្នើសុំឲ្យអាជ្ញាធរនៃខេត្តទាំង២ ត្រូវបន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានឲ្យគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្តោយព្រំដែន។ ជំរុញការ «បើកឲ្យដំណើរការ ច្រកអានសេះ-អានម៉ា ៧ថ្ងៃក្នុងមួយសប្តាហ៍» និងឈានទៅដំឡើងជា «ច្រកព្រំដែនអន្តរជាតិ» តាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេស ទាំងពីរអោយកាន់តែល្អប្រសើរបន្ថែមទៀត។
បន្ថែមពីនេះសុំបន្តពង្រឹងចំណងសាមគ្គីភាពរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ រក្សាបានព្រំដែនសន្តិភាព មិត្តភាព និងសុំរក្សាស្ថានភាពដើមនៅតំបន់ព្រំដែនដែលមិនទាន់ មានការឯកភាពគ្នា រហូតដល់គណៈកម្មការ ព្រំដែននៃប្រទេសទាំងពីរ ឯកភាពលើខ័ណ្ឌសីមា និងបោះបង្គោលព្រំ តាមតំបន់នោះឲ្យរួចរាល់ជាស្ថាពរសិន។
លោក ស៊ូផាសិទ្ធ កូចារឿនយុត អភិបាលខេត្តឧប៊ុនរាជធានី (ថៃ) បានថ្លែងឆ្លើយតបចំពោះការស្នើសុំជំរុញការបើកឲ្យដំណើរការ ច្រកព្រំដែន អានសេះ-អានម៉ា ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងឈានទៅដំឡើងជាច្រកព្រំដែនអន្តរជាតិ ពីភាគីកម្ពុជានោះ ដោយលោកនឹងស្នើសុំទៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃ ដើម្បីពន្លឿនការបើកឲ្យដំណើរការច្រកទ្វាមួយនេះ ដើម្បីលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ តាមរយៈការទំនាក់ទំនងការ ផ្លាស់ប្តូរទំនិញរួមគ្នា៕