ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅនាយកដ្ឋានច្រកទ្វារទី១
ភ្នំពេញ៖ នាថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រ និងបាននាំយកនូវស្លាកសញ្ញាផ្សព្វផ្សាយអំពីការទទួលឆ្លើយតប (GDI Hotline) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍មកបិទបានចំនួន ២ប៉ុស្តិ៍ រួមមាន៖ ទី១. ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ចំនួន ៩ទីតាំង និងទី២. ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិជាំចំនួន ៥ទីតាំង នៃនាយកដ្ឋានច្រកទ្វារទី១។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គនាយក ដល់បងប្អូនមន្រ្តីនគរបាលអន្តោប្រវេសន៍។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំលើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ ៕