អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន កោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កាវ អ៉ីនឡុង (GAO Yunlong) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចចម្រើនរុងរឿង ហើយចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត។
ឯកឧត្ដមបានធ្វើការកោតសរសើរបែបនេះ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃជំនួបនេះឯកឧត្តម កាវ អ៉ីនឡុង បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងបន្តពូនជ្រំឱ្យកាន់តែរឹងមាំស័ក្តិសមជាមិត្តដែកថែប រួមជាមួយនេះក៏បានធ្វេីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លើគម្រោងមួយចំនួនដែលសមាជិកនៃគណៈប្រតិភូមានបំណងវិនិយោគនៅកម្ពុជាលើវិស័យឧស្សាហកម្ម អប់រំ កសិកម្ម ជាដើម ឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ដូចនឹងការព្រមព្រៀងគ្នារវាង សម្តេចធិបតី និង ឯកឧត្តម ស៊ី ជីនពីង ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ អបរំ និងកីទ្បា ជាដើម៕