អគ្គនាយករងអន្តោប្រវេសន៍ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត
ភ្នំពេញ៖ នាថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារចុះដាក់ប្រអប់សំបុត្រថ្មីចំនួន ៣ទីតាំង និងបាននាំយកនូវស្លាកសញ្ញាផ្សព្វផ្សាយអំពីការទទួលឆ្លើយតប (GDI Hotline) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍មកបិទនៅប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចំនួន ៣៧ទីតាំង នៃនាយកដ្ឋានច្រកទ្វារទី១។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គនាយក ដល់បងប្អូនមន្រ្តីនគរបាលអន្តោប្រវេសន៍។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងារ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយស្នាមញញឹមចំពោះភ្ញៀវជាតិ-អន្ដរជាតិរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ព្រមទាំងបានណែនាំ និងក្រើនរំលឹក លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ ៕