វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចុះហត្ថលេខាជាមួយសាកលវិទ្យាល័យដ៏ធំរបស់ចិន និងក្រុមហ៊ុនចិនចំនួន៦ នៅកម្ពុជាដើម្បីពង្រឹងសមត្ថភាពនិស្សិត និងការហាត់ការ
ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កាលពីថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចុះហេត្ថលេខាជាកញ្ចប់ជាមួយសកលវិទ្យាល័យដ៏ធំរបស់ប្រទេសចិន ដែលមានឈ្មោះថា ធានជីងស៊ីណូវិទ្យាសាស្រ្តអាល្លឺម៉ង់ រួមទាំងក្រុមហ៊ុនឯកជនចិនចំនួន៦ដែលកំពុងប្រតិបត្តិការនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។
ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងថា ការចុះហេត្ថលេខានេះ នឹងអនុញ្ញាតឱ្យភាគីហត្ថលេខីទទួលយកសិស្សដែលបញ្ចប់ការសិក្សាបច្ចេកទេសឱ្យចូលហាត់ការ ទស្សនកិច្ចសិក្សា រួមទាំងការស្រាវជ្រាវបច្ចេកទេសទៅវិញទៅមក។
ឯកឧត្តមបន្ថែមថា ការចុះហត្ថលេខារវាងវិទ្យាស្ថាន និងដៃគូរអភិវឌ្ឍទាំងអស់នៅពេលនេះ បានបង្ហាញពីការកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងវិទ្យាស្ថានជាតិជាមួយបណ្តាក្រុមហ៊ុនឯកជនលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់កូនសិស្សដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថាន។
ឯកឧត្តមបានគូសបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសនេះពុំមានមែនជាវិទ្យាស្ថានរកប្រាក់ចំណេញនោះទេ ដូច្នេះសិស្សដែលទទួលបានការបណ្តុះបណ្តាលពីទីនេះត្រូវតែមានសមត្ថភាព គុណភាព ដើម្បីឆ្លើយតបទីនិងតម្រូវការទីផ្សារការងារ និងមានប្រាក់ចំណូលសមរម្យល្អដែលធ្វើឱ្យជីវិតប្រសើរឡើងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាល។
ក្នុងពិធីចុះហេត្ថលេខានេះ លោក Wang Hailong នាយកនៃសកលវិទ្យាល័យធានជីងស៊ីណូវិទ្យាសាស្រ្តអាល្លឺម៉ង់ បានលើកឡើងថា ការចុះហត្ថលេខាថ្ងៃនេះ គឺជាថ្ងៃមួយដែលមានសារសំខាន់ចំពោះកិច្ចសហការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរវាងសកលវិទ្យាល័យ និងវិទ្យាស្ថានជាតិពហុបច្ចេកទេស។ ទន្ទឹមនឹងនេះ លោក សង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យ និងវិទ្យាស្ថាននឹងកាន់តែល្អប្រសើឡើងថែមទៀត៕