សម្តេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានអានុភាព ៧០០មេហ្គាវ៉ាត់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាបានបង្ហាញការបន្តប្ដេជ្ញាចិត្តក្នុងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដោយបានសម្រេចបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណដល់រោងចក្រផលិតអគ្គិសនីដោយប្រើធ្យូងថ្ម ដោយក្នុងនោះ ក៏មានផងដែររោងចក្រផលិតថាមពលអគ្គិសនីដែលមានអានុភាព ៧០០មេហ្គាវ៉ាត់ ដែលដំណើរការដោយធ្យូងថ្ម និងជំនួសមកវិញដោយឧស្ម័នរាវ (LNG)។
ថ្លែងក្នុងឱកាសអញ្ជើញពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យស្តីពីការបង្តើតគណៈកម្មការគ្រប់គ្រងសំរាមសំណល់ទីប្រជុំជននៅឆ្នាំ ២០២១ ដើម្បីដោះស្រាយឱ្យបានជាចង្វាក់ ចាប់ពីដើមខ្សែរហូតដល់ចុងខ្សែ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានប្រភពថាមពលកកើតឡើងវិញចំនួន៦២% ហើយរាជរដ្ឋាភិបាលបានដាក់ទិសដៅនៅឆ្នាំ២០៣០ អោយឡើងដល់ ៧០% នៃទំហំថាមពលសរុប ៕