រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំធំ រដ្ឋបាលខេត្ត។ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គស្នងការរង អគ្គនាយករង និងប្រតិភូអមដំណើរ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការ នៃខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ បានដំណើរការរយៈពេល០២ថ្ងៃទទួលបានលទ្ធផលដ៏ត្រចះត្រចង់ពោរពេញដោយខ្លឹមសារ និងអាចបញ្ជាក់ បានថាអង្គសន្និបាតបានយកអស់ស្មារតី និងបញ្ញាញាណ ក្នុងការពិនិត្យទៅលើរបាយការណ៍របស់រដ្ឋបាលខេត្ត ក៏ដូចជាពិភាក្សាទៅលើប្រធានបទនានាតាមក្រុមនីមួយៗយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើជាប្រទីប ក្នុងការអនុវត្តការងារឆ្នាំ២០២៣ទទួលបានជោគជ័យ និងសម្រេចបាននូវគោល នយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ផ្អែកតាមការពិភាក្សា អង្គសន្និបាតទាំងមូល បានធ្វើការវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នីតិកាលទី៦ នៃរដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិដោយរក្សាការពារបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិតីភាពជាតិ។
ថ្លែងក្នុងពិធីបិទសន្និបាតនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងតាមបណ្តាមន្ទីរ ស្ថាប័ននានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ដែលបានអនុវត្តក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អាណត្តិទី៧ ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការសាទរ និងវាយ តម្លៃខ្ពស់ចំពោះលទ្ធផលដែលខេត្តសម្រេចបាន ព្រមទាំងបានបង្កើតក្រុមការងារ និងរៀបចំកិច្ច ពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធ នឹងតម្រូវការជាក់ ស្តែង។
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំឭកអំពីបាវចនាទាំង៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំង អាទិភាពទាំង៥ នៃគោលនយោបាយមានដូចជា៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលការងារទាំងនេះ ថ្នាក់ដឹកនាំត្រូវយល់ឱ្យបាន ច្បាស់ ដើម្បីអនុវត្តស្របតាមទិសដៅគោល នយោបាយ និងមានប្រសិទ្ធភាព ៕