សម្តេចធិបតី៖ នៅពេលផែមួយដើរ តម្លៃការដឹកជញ្ជូនកាន់តែថោក វិនិយោគិននឹងចូលមក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលកំពង់ផែមួយដំណើរការ តម្លៃការដឹកជញ្ជូនកាន់តែថោក វិនិយោគិននឹងចូលមកវិនិយោគក្នុងវិស័យកសិកម្ម វិស័យឧស្សាហកម្មកាន់តែច្រើន ព្រោះតម្លៃដឹកជញ្ជូនថោក យើងភ្ជាប់ការដឹកជញ្ជូនតាមទន្លេ និងសមុទ្រកាន់តែមានប្រសិទ្ធភាព។
សម្តេចធិបតី បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានធ្វើព្រែកជីកភ្ជាប់ទន្លេ-សមុទ្រ និងការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុគឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន និងបង្កើនប្រាក់ចំ ណូលដល់ពលរដ្ឋឱ្យមានជីវភាពប្រសើរឡើង។
ក្នុងនោះកំពង់ផែមានដំណើរការគឺជាផ្នែកមួយជួយភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុង និងក្រៅប្រទេសធ្វើឱ្យកើតមានសកម្មភាពដឹកជញ្ជូនរស់រវើកជាពិសេសសកម្មភាពសេដ្ឋកិច្ចនៅតាមខេត្តផ្សេងៗក៏រីកចម្រើន និងបង្កើតប្រាក់ចំណូលសម្រាប់ពលរដ្ឋផងដែរ ៕