នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឱ្យឆាប់សិក្សា និងរៀបចំប្រព័ន្ធតភ្ជាប់រវាងតំបន់ទឹកសាបនិងទឹកប្រៃ ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចបានប្រគល់ភារកិច្ចទៅឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្សាលើយុទ្ធសាស្រ្តមួយចំនួនបន្ថែមទៀត ដោយវាយតម្លៃឡើងវិញលើ់ប្រព័ន្ធជញ្ជូនតាមផ្លូវទឹកសាប ហើយផ្តុំឡើងវិញរវាងការតភ្ជាប់តំបន់ទឹកសាប ព្រែកជីក និងតំបន់ទឹកប្រៃ ឱ្យមានភាពប្រទាក់ក្រឡាគ្នារវាងផ្លូវគោក និងផ្លូវទឹក ដែលទាំងតំបន់ទឹកសាប និងទឹកប្រៃត្រូវយកចិត្តទុកដាក់ដូចគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិធានការនេះ គឺដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ច នៅតាមខេត្ត ជាប់បណ្តោយទន្លេមេគង្គ និងទន្លេសាប ភ្ជាប់ជាមួយខេត្តតាមបណ្តោយទឹកទាំងអស់។ សម្ដេចធិបតី បានបញ្ជាក់ថា នេះជាកិច្ចការចាំបាច់ដែលយើងត្រូវធ្វើ និងវាយតម្លៃ ដែលសំខាន់ត្រូវរៀបចំផែនការមួយ គឺផែនការមេ ដើម្បីត្រៀមសម្របសម្រួល និងបើកឱកាសឱ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍ ៕