ក្រសួងធនធានទឹក ជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (ខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤)
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (ខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤) បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងដូចខាងក្រោម៖
១-បាតុភូតសកល៖
យោងការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តនៃសីតុណ្ហភាពលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិកក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖
-បន្តដល់ខែមករា ឆ្នាំ២០២៤ បាតុភូតអែលនីញ៉ូ ១០០ភាគរយ
-នៅក្នុងខែកុម្ភៈ បាតុភូតអែលនីញ៉ូ ៩០ភាគរយ និងអែនសូ ១០ភាគរយ
-នៅក្នុងខែមីនា បាតុភូតអែលនីញ៉ូ ៧០ភាគរយ និងអែនសូ ៣០ភាគរយ
-នៅក្នុងខែមេសា បាតុភូតអែលនីញ៉ូ ៥០ភាគរយ និងអែនសូ ៥០ភាគរយ
២-រដូវប្រាំង៖
២-១សីតុណ្ហភាព៖ ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ
-នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ បណ្តាខេត្តនៅភាគខាងជើងជាប់ក្បែរជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នៅក្នុងថ្ងៃខ្លះសីតុណ្ហភាពអប្បបរមាធ្លាក់ចុះពី ១៦°C-១៨°C។ ចំណែកឯ នៅបណ្តាខេត្តដ៏ទៃទៀតសីតុណ្ហភាពអប្បបរមា ១៩°C-២២ °C។
-ចាប់ពីខែកុម្ភៈដល់ដើមខែឧសភា អាកាសធាតុកើនកម្ដៅជាលំដាប់ នឹងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភាជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា ៣៨°C និងសីតុណ្ហភាពអតិបរមានៅក្នុងថ្ងៃខ្លះអាចឡើងដល់ ៤១°C។
២-២. ទឹកភ្លៀង៖ តិចជាងមធ្យមភាគច្រើនឆ្នាំ
-ភ្លៀងកក់ខែធ្លាក់តិចជាងឆ្នាំ២០២៣ និងអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។
យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើនក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ៕