អភិបាលខេត្តកណ្ដាល ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូកូរ៉េ ដើម្បីពង្រឹងចំណងមិត្តភាព និងស្វែងយល់ពីសក្ដានុពលវិនិយោគ នៅក្នុងខេត្ត
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូ សាធារណ:កូរ៉េខាងត្បូង ដឹកនាំដោយ លោក អាន ស៉ឹងដេ (Anh Seungdae) អគ្គនាយក នៃការិយាល័យគោលនយោបាយ រដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណ:កូរ៉េខាងត្បូង នៅសាលប្រជុំសាលាខេត្តកណ្ដាល ដើម្បីពង្រឹងចំណងមិត្តភាព និងស្វែងយល់ពីសក្ដានុពលវិនិយោគ នៅក្នុងទឹកដីខេត្ត។
ក្នុងជំនួបនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានជម្រាបជូន ប្រតិភូកូរ៉េពីសក្ដានុពលរបស់ខេត្តកណ្ដាល ដែលជាខេត្តមានភូមិសាស្ត្រល្អ ហ៊ុំព័ទ្ធជុំវិញរាជធានីភ្នំពេញ មានព្រលានយន្តហោះលំដាប់ខ្នាតអន្តរជាតិ 4F មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗខ្វាត់ខ្វែង ហើយបច្ចុប្បន្ននេះខេត្ត មានរោងចក្រ សហគ្រាសសរុបចំនួន ៤៨៣ទីតាំង មានកម្មករនិយោជិត ១៥៣,៤០៥នាក់ ក្នុងនោះ រោងចក្រ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ-កាបូប មានចំនួន ១៧១ទីតាំង មានកម្មករនិយោជិត ១៣៣,០០០នាក់។ ប្រាក់ចំណូលជាមធ្យមរបស់កម្មករនិយោជិតសរុបប្រមាណ ៤១១លានដុល្លារអាមេរិកក្នុង១ឆ្នាំ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តកណ្តាលមានផលិតផលក្នុងស្រុកសរុបចំនួន ១២ពាន់ ៤២ប៊ីលាន ៦៥១លាន ២០០ពាន់រៀលគត់ គិតជាដុល្លាចំនួន ២ពាន់ ៩២៦លានដុល្លារ ចំពោះGDP សម្រាប់មនុស្សម្នាក់ៗមានចំនួន ២,១៦១ដុល្លារ ពិសេសសេដ្ឋកិច្ចខេត្តកណ្តាលក្នុងឆ្នាំ២០២២ គឺមានការកើនឡើងចំនួន ៤.២០%។
លោក អាន ស៉ឹងដេ (Anh Seungdae) បានមានប្រសាសន៍ថា តាមរយៈកិច្ចពិភាក្សាគ្នានាពេលនេះ ក្រៅពីចង់ពង្រឹងទំនាក់ទំនងល្អជាមួយខេត្តកណ្ដាល ប្រតិភូមានគោលបំណងដ៏សំខាន់មួយទៀត គឺការបង្កើតចលនាភូមិថ្មី នៅខេត្តកណ្ដាល ដើម្បីការអភិវឌ្ឍន៍លឿន ពីភូមិ១ទៅភូមិ១ ដូចប្រទេសទូរ៉េ កាលពីឆ្នាំ១៩៧០ ដែលបានអភិវឌ្ឍន៍ចលនាភូមិថ្មី គឺជាគម្រោងរដ្ឋាភិបាលមួយដែលធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ភូមិឃុំឲ្យមាន ភាពរីកចម្រើនលើគ្រប់វិស័យបានឆាប់រហ័ស រួមមាន អគ្គិសនី ប្រព័ន្ធទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន មន្ទីរពេទ្យ សុខភាពសាធារណៈ បង្គន់អនាម័យ ។ល។
លោក អាន ស៉ឹងដេ (Anh Seungdae) បានបញ្ជាក់ថា ភាគីខាងកូរ៉េសន្យាថានឹងជួយបង្កើតចលនាភូមិថ្មី នៅទឹកដីខេត្តកណ្ដាល ដោយ ឆន្ទះ ការប្រឹងប្រែង និងការចូលរួម តាមបទពិសោធន៍ការងារនេះនឹងអនុវត្តនៅទីជនបទ ដើម្បីទទួលបានលទ្ធផលលឿន ជាក់ស្តែងនៅប្រទេសមីយ៉ាន់ម៉ា ក៏ខាងកូរ៉េបានអនុវត្តចលនាភូមិថ្មីនេះបានទទួលជោគជ័យរួចមកហើយដែរ។
ឯកឧត្តមអភិបាលខេត្ត បានគាំទ្រលើគម្រោងខាងលើ នឹងបានស្នើដល់ភាគីខាងកូរ៉េ និងក្រុមហ៊ុននានា ជួយធ្វើការសិក្សាឱ្យបានល្អិតល្អន់ ស៊ីជម្រៅបន្ថែមទៀត ដើម្បីអនុវត្តគម្រោងនេះឱ្យទទួលបានជោគគជ័យនៅលើទឹកដីខេត្តកណ្ដាល សំដៅជំរុញដល់ការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចជូនដល់ប្រជាជនក្នុងខេត្ត ៕