សម្តេចធិបតី ដាក់ចេញគោលការឱ្យសិក្សា ចំពោះការទិញសម្ភារៈគ្រឿងសង្ហារិមរបស់ក្រសួង ស្ថាប័ន គឺត្រូវជំរុញលើការប្រើប្រាស់ផលិតផលក្នុងស្រុក
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលការឱ្យសិក្សាចំពោះការទិញសម្ភារៈគ្រឿងសង្ហារិមរបស់ក្រសួង ស្ថាប័ន ចាប់ពីឆ្នាំ ២០២៥ គឺត្រូវជំរុញលើការប្រើប្រាស់ផលិតផលក្នុងស្រុក ខណៈក្នុងមួយឆ្នាំៗ ឬមួយអាណត្តិៗ ការប្រើប្រាស់គ្រឿងសង្ហារិមនៅតាមការិយាល័យរបស់ក្រសួងស្ថាប័នមានចំនួនច្រើនគួរសមដែរ។សម្តេចបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៥ ទៅ រដ្ឋាភិបាលនឹងទិញគ្រឿងសង្ហារិមដែលផលិតក្នុងស្រុក ដើម្បីដាក់នៅតាមស្ថាប័នរដ្ឋនានា ដើម្បីជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក។
សម្តេចមហាបវរធិបតី បានជំរុញដល់ក្រុមអ្នកផលិតផលិតផលក្នុងស្រុក ទាំងអស់ ត្រូវបង្កើនគុណភាពផលិតផលរបស់ខ្លួន ដើម្បីបំពេញសេចក្ដីត្រូវការក្នុងប្រទេស និងកាត់បន្ថយការនាំចូល។
សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាអាចនឹងចាកចេញពីប្រទេសមានឋានៈ ជាប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧ ខាងមុខនេះ បន្ទាប់ពីកម្ពុជាមានការអភិវឌ្ឍច្រើនជាងមុន និងអាចដើរដោយខ្លួនឯងបាន ៕