ជាង ១០០ថ្ងៃកន្លងមកនេះ ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការគ្នាយ៉ាងពេញទំហឹង រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងរយៈពេលជាង ១០០ថ្ងៃ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំរបស់ សម្ដេចមហាវេរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបាននិងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ សហការគ្នាយ៉ាងពេញទំហឹង និងបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ។
ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» នាទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា សមិទ្ធផលសំខាន់ៗទាំងនោះមានដូចខាងក្រោម៖
ទី១. ក្រសួងបានផ្តួចផ្តើម យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក” នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។ យុទ្ធនាការនេះ ជាមួយនឹង សារដ៏សាមញ្ញ ប៉ុន្តែស៊ីជម្រៅ បានលើកទឹកចិត្តប្រជាពលរដ្ឋម្នាក់ៗឱ្យពិចារណាឡើងវិញនូវជម្រើស និងទម្លាប់ប្រចាំថ្ងៃ ដែលជាការបោះជំហានយ៉ាងសំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយសំណល់ ប្លាស្ទិក។ ក្រសួងបរិស្ថាន ក៏បាននិងកំពុងពង្រីកវិសាលភាពយុទ្ធនាការនេះ ទៅគ្រប់វិស័យទូទាំង ប្រទេស និងបន្តកៀរគរការចូលរួមពីស្ថាប័នអន្តរជាតិ និងបញ្ហាប្រទេសក្នុងតំបន់ ដើម្បីសហការគ្នាក្នុង ការដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។
ទី២. ក្រសួងក៏បានផ្តួចផ្តើម យុទ្ធនាការ «ដាំដើមឈើ ១លានដើម ក្នុង ១ឆ្នាំ» នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រីកគម្របព្រៃឈើនៅទូទាំងប្រទេស។ យើងបានលើកទឹក ចិត្តឱ្យសាធារណជនចូលរួមដាំដើមឈើ ដោយក្រសួងបរិស្ថានបានរៀបចំថ្នាលបណ្តុះកូនឈើ ព្រមទាំង ប្រកាសចែកកូនឈើដោយឥតគិតថ្លៃដល់សាធារណជនដែលមានបំណងចង់ចូលរួមដាំដើមឈើ។
ទី៣. ក្រសួងបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបញ្ចប់រាល់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ជំរុញការអនុវត្ត ច្បាប់ ១០០ភាគរយ។
ទី៤. ក្រសួងបានទទួលការអនុញ្ញាតដាក់ឱ្យប្រើប្រាស់នូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន * ឆ្នាំ២០២៣-២០២៨ ដោយមានមុំចំនួនបី រួមមាន «ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាល ឌីជីថល និងការពង្រីកការផ្សព្វផ្សាយ» សំដៅឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបួន និងមានគម្រប ព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០» ក្នុងការចូលរួមឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងជាសកល និង សម្រេចនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ។
ទី៥. ក្រសួងបានបន្តគាំទ្រ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការជំរុញ ទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីបង្កើនមុខរបរ ក៏ដូចជាលើកទឹកចិត្ត ឱ្យសហគមន៍តំបន់ការពារធម្មជាតិ ដាំឈើដែលមានប្រយោជន៍ និងឈានទៅក្លាយជាសហគមន៍ អព្យាក្រឹតកាបូន។
ទី៦. ក្រសួងបានធ្វើការកែសម្រួលការគ្រប់គ្រងឯកសារឱ្យមានរបៀបរៀបរយ និងមានភាព ប្រសើរជាងមុនតាមបទដ្ឋានរដ្ឋបាល ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងលិខិត។ បន្ថែមពីនេះ យើងក៏បានរៀបចំប្រព័ន្ធអ្វីម៉ែលដល់មន្ត្រីក្រសួងបរិស្ថានគ្រប់រូបដើម្បីប្រើប្រាស់ផ្លូវការ ក្នុងទំនាក់ទំនង ជាមួយស្ថាប័នជាតិ អន្តរជាតិ និងដៃគូ ហើយអាចប្រើប្រាស់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថានកិច្ច
របស់ក្រសួងបរិស្ថាន ដើម្បីរៀបចំកាលវិភាគ ទទួលបានឯកសារព័ត៌មាន និងរាយការណ៍ ព្រមទាំង
របាយការណ៍ ស្របតាមគោលនយោបាលរដ្ឋាភិបាលឌីជីថល។
ទី៧. ក្រសួងបានរៀបចំប្រព័ន្ធអ៊ុនធឺណេត ដែលមានល្បឿនលឿនជាងមុន សុវត្ថិភាព និង អាចគ្របដណ្តប់ការប្រើប្រាស់ទូទាំងអគាររដ្ឋបាលក្រសួង ដែលនេះជាជំហានមួយដ៏ចាំបាច់ក្នុងការ ធ្វើទំនើបកម្មស្ថាប័ន និងឆ្លើយតបនឹងការវិវត្តនៃឧស្សាហកម្មបច្ចេកវិទ្យា៤.០។
ទី៨. ក្រសួងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យបរិស្ថានជាលក្ខណៈទ្វេភាគី និងពហុភាគី ក្នុងការដោះស្រាយបញ្ហាសកល និងទទួលបានការគាំទ្រ និងសហការបន្ថែមក្នុងការពង្រីកវិសាលភាព យុទ្ធនាការ និងអាទិភាពរបស់ក្រសួងបរិស្ថាន ជាពិសេស ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការពង្រីក គម្របព្រៃឈើ និងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន ៕