អគារប៉ុស្តិ៍សុខភាពអាយុយឺនយូរ អូរបាក់រទេះ ក្នុងស្រុកកំពង់សីលា ដែលចំណាយថវិកាអស់ប្រមាណជាង៦០មុឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារប៉ុស្តិ៍សុខភាពអាយុយឺនយូរ អូរបាក់រទេះ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីជាអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជនកាយរិទ្ធ យុវជនស.ស.យ.ក យុវជនស្រឡាញ់សន្តិភាព និងសប្បុរសជន។
លោកស្រីសាស្ត្រាចារ្យ Ling Feng តំណាងសប្បុរសជនជនជាតិចិន បានចូលរួមសម្ពោធប៉ុស្តិ៍ខុសភាពអាយុយឺនយូរ អូរបាក់រទេះដោយគូសបញ្ជាក់ថា ប៉ុស្តិ៍សុខភាពនេះ នៅចន្លោះនៃផ្លូវល្បឿនលឿនរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលផ្តល់នូវសេវាវេជ្ជសាស្ត្រប្រកបដោយសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកដំណើរក្នុងមូលដ្ឋាន នេះគឺជារឿងមួយល្អអស្ចារ្យសម្រាប់ប្រជាជនក្នុងតំបន់ ប៉ុស្តិ៍សុខភាពនេះ គឺជាការចូលរួមបរិច្ចាគថវិការបស់លោកស្រី Cheng Chou និងលោក Ye Zheng Qiang ចំនួន ៥០០.០០០ដុល្លាអាមេរិក និងមូលនិធិ Beijing Ling Feng ក្នុងការជួយសាងសង់ប៉ុស្តិ៍សុខភាពអាយុយឺនយូ អូរបាក់រទេះ ដើម្បីទុកបំរើឱ្យវិស័យសុខាភិបាលនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងជាមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា គឺស្ថិតស្ថេរនិរន្ត៍ក្នុងប្រវត្តិសាស្ត្ររបស់យើង ជាគំនិតផ្តួចផ្តើមវិថីសូត្រថ្មីទស្សវត្សទី២១ ឱ្យកាន់តែជិតស្និត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍សម្ពោធដាក់ឱ្យប្រើប្រាស់អគារប៉ុស្តិ៍សុខភាពអាយុយឺនយូរ អូរបាក់រទេះ ដោយជាការចូលរួមពីសប្បុរស ជនចិន មានលោកស្រី WANG MEI YING លោក YE ZENG QIANG និងមូលនិធិ Beijing LING FENG ដែលបានបរិច្ចាគថវិកាក្នុងការជួយកសាងអគារប៉ុស្តិ៍សុខភាពអាយុយឺនយូរ អូរបាក់រទេះចំនួន ២ខ្នង ធ្វើពីបេតុងប្រក់ក្បឿង ដែលមានទំហំ ១.១៤៤ម៉ែត្រក្រឡា លើផ្ទៃដីទំហំ ១៧.៩១០ម៉ែត្រក្រឡា ចំណាយថវិកាសរុបចំនួន ៦៧៩.១០០ដុល្លារអាមេរិក ដើម្បីជាប្រយោជន៍ដល់ប្រជាជននៅមូលដ្ឋាន ជាពិសេសជនក្រីក្រដែលរងគ្រោះ ក្នុងនោះមានសេវា រាប់បញ្ចូលទាំងសេវាមាតា-កុមារ និងសុខភាពបន្តពូជ សេវាប្រយុទ្ធប្រឆាំងជំងឺឆ្លង និងជំងឺមិនឆ្លងរួមទាំងបញ្ហាសុខភាពដទៃទៀត មានសេវាអប់រំសុខភាព និងការចុះផ្តល់សេវាតាមមូលដ្ឋានប្រកបដោយគុណភាព។ ទាំងនេះពិតជាឆ្លុះបញ្ចាំងអំពីទឹកចិត្តសប្បុរសធម៌របស់ប្រជាជនចិន ដែលបានចូលរួមចំណែកបន្ថែមទៀត ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជាតិទាំងពីរដែលមានជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនងការទូតកម្ពុជា-ចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ ដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ» បានបន្តរក្សាពង្រឹងពង្រីកកម្រិតខ្ពស់បំផុតដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រោមម្លប់ដ៏ត្រជាក់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ប៉ុស្តិ៍សុខភាពនេះ បម្រើសេវាសុខាភិបាលសម្រាប់ផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿន ដើម្បីជួយដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ទោះបីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ភូមិសាស្រ្តស្រុកកំពង់សីលាមានការថយចុះ ក៏ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នៅតែជាចំណុចប្រឈមខ្លាំងសម្រាប់ខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតប្រជាពលរដ្ឋអស់ចំនួន ១០៩នាក់ ក្នុងនោះក៏មានជនបរទេសផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា ម្យ៉ាងទៀតប៉ុស្តិ៍សុខភាពនេះមានសារសំខាន់ណាស់ក្នុងការជួយសង្គ្រោះជនរងគ្រោះនៅតាមផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿន ជនរងគ្រោះត្រូវការចាំបាច់នាំមកកាន់មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពជាមុនសិន ក្នុងការជួយសង្គ្រោះបឋម និងឈានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ព្រមទាំងបានធ្វើការណែនាំដល់មន្ទីរសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់រៀបចំប៉ុស្តិ៍សុខភាពនេះឱ្យមានបន្ទប់សង្គ្រោះបន្ទាន់ តាមលក្ខណៈបច្ចេកទេសសុខាភិបាល បង្កើននូវចំណេះដឹង ជំនាញឱ្យបានកាន់តែច្រើនមកកាន់ទីនេះ និងអាចបង្កើនសមត្ថភាពប៉ុស្តិ៍សុខភាពនេះទៅជាមណ្ឌលសុខភាព ឬមន្ទីរពេទ្យបំរើសេវាជូនប្រជាពលរដ្ឋ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងជនបរទេសឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឧបត្ថម្ភជូនដល់យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ស.ស.យ.ក យុវជនស្រឡាញ់សន្តិភាពចូលរួមសរុបចំនួន ១២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ក្រុមគ្រូពេទ្យ ១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ ៕