លោក ជិន ប៊ុនធឿន អញ្ជើញប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣ ក្រោមប្រធានបទ “ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍”
ភ្នំពេញ៖ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានប្រារព្ធអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣ ក្រោមប្រធានបទ “ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍” ដោយបានការចូលរួមជាអធិបតីភាពពីលោក ជិន ប៊ុន ធឿន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពីតំណាងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ មន្ត្រីប្រតិបត្តិសាខា មន្ត្រីអនុសាខាខណ្ឌទាំង១៤ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន២០០នាក់ ។
បន្ទាប់ពីលោក ប៉ាត់ ប៊ុនផា ប្រធានការិយាល័យធនធានមនុស្ស និងអភិវឌ្ឍន៍ស្ថាប័នសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានឡើងរាយការណ៍ពីសកម្មភាពការងាររបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ដែលអនុវត្តសម្រេចបានក្នុងឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ ព្រមទាំងតំណាងអ្នកស្ម័គ្រចិត្ត បានឡើងប្តេជ្ញាចិត្តនឹងខិតខំបន្តបំពេញការងាររបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ និងសកម្មខ្លាំងក្លាជាមុនបន្ថែមទៀតរួចមក
ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលប្រកបដោយក្តីនឹករលឹក ។
លោកបានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនេះគឺ ដើម្បីសម្តែងនូវការទទួលស្គាល់នូវស្នាដៃ និងផ្ដល់នូវគុណតម្លៃចំពោះការលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់អ្នកស្ម័គ្រចិត្តរាប់លាននាក់ នៅទូទាំងសកលលោក ជាពិសេសប្រតិបត្តិករជួរមុខនៅតាមមូលដ្ឋាន នៅថ្នាក់ជាតិ និងអន្តរជាតិ ដែលកំពុងរួមកម្លាំងសាមគ្គី ជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងមមាញឹក ក្នុងបេសកកម្មដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបុព្វហេតុមនុស្សជាតិ សុខុមាលភាពសង្គម និងការអភិវឌ្ឍរីកចំរើន ក្នុងសុខសន្តិភាពរបស់ភពផែនដីយើង ។
ជាមួយគ្នានេះ លោកនាយកប្រតិបត្តិសាខា ក៏ថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ មិនខ្លាចនឿយហត់ ជំនះគ្រប់ឧបសគ្គ និងបញ្ហាប្រឈមនានា ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម, ការផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត, ការលើកកម្ពស់សីលធម៌សង្គម, លើកកម្ពស់វប្បធម៌អហឹង្សា និងសន្តិភាព, លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ, លើកកម្ពស់ជីវភាពអ្នកងាយរងគ្រោះ, អប់រំផ្សព្វផ្សាយបន្សំខ្លួន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដើម្បីភាពធន់សហគមន៍ តាមរយៈការនាំយកនូវសារគន្លឹះសំខាន់ៗ ទៅដល់ប្រជាពលរដ្ឋនៅតាមភូមិ/ឃុំ/សង្កាត់ដោយផ្ទាល់តាមខ្នងផ្ទះ, ធ្វើសកម្មភាពមិត្ត-អប់រំ-មិត្ត, មិត្ត-ជួយ-មិត្ត, ចល័តក្នុងសហគមន៍ និងអប់រំផ្សព្វផ្សាយដោយប្រយោលតាមបណ្តាញសង្គម និងតាមប្រព័ន្ធព័ត៌មាននានា បានយ៉ាងទូលំទូលាយទូទាំងប្រទេស ។ ប្រធានបទ “ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍” នេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងពីបេសកកម្មរួមរបស់សមាគមជាតិ ក្នុងការបន្តពង្រឹងប្រតិបត្តិការតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ តាមទិសស្លោក “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល” តាមរយៈការពង្រឹងតួនាទីស្នូលរបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យចូលរួមបានយ៉ាងពេញលេញក្នុងការឆ្លើយតបបានទៅនឹងបញ្ហាប្រឈមនានា, ការលើកកម្ពស់សុខភាពសាធារណៈ, ការលើកកម្ពស់បរិស្ថានបៃតងស្អាត, ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ, ការលើកកម្ពស់សុខុមាលភាពសង្គមប្រកបដោយ
បរិយាបន្ន ។
សូមបញ្ជាក់ថា៖ ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមផ្ញើជូនបងប្អូនជនរួមជាតិ អ្នកស្មគ្រ័ចិត្តគ្រប់លំដាប់ថ្នាក់ នូវអនុសាសន៍ដូចតទៅ៖
១- សូមគណៈកិត្តិយសគ្រប់លំដាប់ថ្នាក់, គណៈកម្មាធិការសាខា-អនុសាខា បន្តដឹកនាំ មន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងស្មារតីជាក្រុម និងការទទួលខុសត្រូវខ្ពស់។
២- សូមបង-ប្អូន អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ ក្មួយៗយុវជន កាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថាន សិក្សា បន្តរួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងសហគមន៍ឱ្យមានភាពធន់ ផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានឆាប់រហ័សទាន់ពេលវេលា ស្របតាមបាវចនា “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល”។
៣- សូមបង-ប្អូនជនរួមជាតិ ក្មួយៗយុវជនទាំងអស់ នាំគ្នាកសាង និងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ ចែក រំលែកបទពិសោធន៍ អនុវ័ត្តវិធីសាស្ត្រ មិត្តអប់រំមិត្ត លើកកម្ពស់គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីសុខុមាលភាព ក្នុងបរិស្ថានស្អាត មានអនាម័យនិងជីវភាពរស់នៅល្អប្រសើរ។
៤- សូមបង-ប្អូនរួមជនជាតិបន្តនូវវប្បធម៌នៃការចែករំលែក ជួយគ្នាទៅវិញទៅមក និងលើកកម្ពស់ក្តី ស្រឡាញ់ការងារស្ម័គ្រចិត្ត ក្នុងក្រុមគ្រួសារ បង-ប្អូន មិត្តភក្តិ សាច់ញាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការ កសាង និងអភិវឌ្ឍន៍សហគមន៍ពោរពេញដោយក្តីសង្ឃឹម និងរួមវិភាគទានយ៉ាងធំធេងដល់វឌ្ឍនភាពជាតិ និង វិបុលភាពប្រជាជន ៕